(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៧នេះ ខ្សែភាពយន្ដក្នុងស្រុកមានចំនួនរហូតដល់៤៩រឿង បានចូលរួមបញ្ចាំងក្នុងមហោស្រពភាពយន្ដខ្នាតខ្លីចតុមុខ ខណៈខ្សែភាពយន្តបរទេស មានរហូតដល់ជាង៣ពាន់រឿង។
លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី បើកមហោស្រពភាពយន្ដខ្នាតខ្លីចតុមុខឆ្នាំ២០១៧ថា ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពភាពយន្ដខ្នាតខ្លីចតុមុខ បានបោះជំហានទៅមុខដោយមោទនភាព ជាក់ស្ដែងក្នុងឆ្នាំ២០១៧នេះ មានស្នាដៃភាពយន្ដ ក្នុងស្រុកចំនួន៤៩ស្នាដៃ និងស្នាដៃភាពយន្ដខ្នាតខ្លីបរទេសចំនួន៣០១០ស្នាដៃ បានចូលរួមក្នុងមហោស្រពនាឆ្នាំនេះ ដែលចំនួននេះមានការកើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។
លោកបន្ដទៀតថា «នេះជាជោគជ័យថ្មីមួយទៀត សម្រាប់មហោស្រពភាពយន្ដខ្នាតខ្លីចតុមុខ ដែលមានផលិតករ ភាពយន្ដបរទេសជាច្រើនចាប់អារម្មណ៍ និងជាជំហានថ្មីមួយទៀត ក្នុងការអភិវឌ្ឍភាពយន្ដរបស់កម្ពុជា...កត្តាទាំងនេះ ជាឱកាសឲ្យពួកគេបានសិក្សាស្វែងយល់បន្ថែមពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសុខសន្ដិភាព ស្ថេរភាពរបស់សង្គមកម្ពុជា»។
លោកបន្ថែមទៀតថា ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងអភិវឌ្ឍវិស័យភាពយន្ដនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំបំពញ តួនាទីរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកសាងផែនការ យុទ្ធសាស្រ្ដនានា ដើម្បីរួមចំណែកប្រើប្រាស់សក្ដានុពលវប្បធម៌ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក ជា សុខហ៊ី ប្រធានមហោស្រពភាពយន្ដខ្លីចតុមុខបានថ្លែងឲ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីនេះ ដើម្បីជំរុញខ្សែភាពយន្ដក្នុងស្រុកឲ្យកាន់តែរីកដុះដាលបន្ថែមទៀត ហើយក៏ចង់បង្ហាញស្នាដៃរបស់កូនខ្មែរ ទៅលើឆាកអន្ដរជាតិផងដែរ។ ឆ្នាំនេះជាឆ្នាំទី០៦ហើយ ដែលយើងបង្កើតកម្មវិធីមហោស្រពភាពយន្ដខ្នាតខ្លីចតុមុខ និងឃើញថា ទទួលបានការជោគជ័យទ្វេដង។
លោកបានបន្ដទៀតថា «ចាប់តាំងពីឆ្នាំ២០១២មក ឃើញថាមានសន្ទុះនៃការផលិតភាពយន្ដខ្នាតខ្លី មានការកើនឡើងច្រើនមែនទែន ជាក់ស្ដែងឆ្នាំនេះ ទទួលបានជាង៣ពាន់រឿងទូទាំងពិភពលោក ដោយក្នុងនោះ ភាពយន្ដខ្មែរមានរហូតដល់៤៩រឿង ដែលតួលេខនេះមិនដែលមានពីមុនមកឡើយ កាលឆ្នាំមុនៗមានត្រឹមតែប្រមាណ៣០រឿងប៉ុណ្ណោះ ចំណែកឯគុណភាពនៃរឿងក៏ ល្អជាមុខទៀតផងដែរ»។
លោកបញ្ជាក់ទៀតថា «សម្រាប់ពេលអនាគតខ្ញុំ គិតថាភាពយន្ដខ្មែរនឹងរីកចម្រើនយ៉ាងខ្លាំង ដោយសារតែឆ្នាំនេះជាឆ្នាំទី០៦ ដែលទទួលបានរឿងជិត៥០រឿង ខ្ញុំអាចសនិដ្ឋានថា រយៈពេល៥ឆ្នាំខាងមុខទៀត យើងអាចផលិតខ្សែភាពយន្ដរហូតដល់២០០រឿង ចំណែកឯគុណភាពនឹងល្អទ្វេដង....ខ្ញុំសង្ឃឹមថាផលិតករខ្មែរ នឹងអាចសិក្សាពីកុនបរទេសឲ្យបានច្រើន និងអាចផលិតភាពយន្ដខ្មែរ បានល្អជាងមុនបន្ថែមទៀត»៕