(ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាអាស៊ី និង SEA Games វីរៈកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បានសម្រេចចេញលុយផ្ទាល់ខ្លួន ដើម្បីវះកាត់ព្យាបាលជង្គង់ ក្រោយរបួសរ៉ាំរ៉ៃអស់រយៈពេលជាច្រើនខែ។ ការសម្រេចចេញលុយហោប៉ៅដូច្នេះ បន្ទាប់ពីនាងអស់ទ្រាំនឹងការរង់ចាំប្រាក់រង្វាន់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលនាងដណ្ដើមបានមេដាយមាសកីឡា SEA Games លើកទី២៩ នៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗ ដែលប្រៀបដូចសុំទឹកភ្លៀងនៅលើមេឃ។

យោងតាមការបង្ហោះលើគណនីហ្វេសបុកលោក ស៊ន អេលីត ដែលជាបងប្រុសបង្កើតរបស់កីឡាការិនី ស៊ន សៀវម៉ី បានសរសេរថា «ពេលខ្លះខ្ញុំមិនចង់និយាយទេ តែអាណិតប្អូនស្រីពេក ខំប្រឹងតស៊ូ ដើម្បីមុខមាត់ជាតិ ឡើងប្រកួតទាំងជើងដាច់សរសៃ ដើម្បីយកមេដាយជូនជាតិ តែពេលគ្នាចង់វះជង្គង់ ត្រូវចេញលុយដោយខ្លូនឯង។ ចេញប្រកួត SEA Games ថាយកលុយមកព្យាបាលជើង តែឥឡូវលុយមេដាយអត់ទាន់បើក ហើយត្រូវចេញទៅព្យាបាលនៅប្រទេសកូរ៉េខាងត្បូងនៅប៉ុន្មានថ្ងៃទៀតនេះ។ ពេលប្រកួតយើងចាញ់គេ ថាយើងវ៉ៃមិនកើត ពេលយើងវ៉ៃឈ្នះ គេក៏សប្បាយចិត្តទៅ តែពេលមានបញ្ហា ដោះស្រាយដោយខ្លួនឯង»

គួរបញ្ជាក់ថា ស៊ន សៀវម៉ី បានរងរបួសជង្គង់ អំឡុងពេលប្រកួតជម្រុះប្រចាំទ្វីបអាស៊ី ដើម្បីឈានទៅប្រកួតជុំផ្ដាច់ព្រ័ត្រកីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦ គ្រាដែលប្រកួតជម្រុះនោះ នាងក៏ឈ្នះបានមេដាយមាសផងដែរ។ ប៉ុន្ដែបន្ទាប់មកដោយកង្វះខាតថវិកា សៀវម៉ី បានត្រឹមពិគ្រោះ និងព្យាបាលធម្មតា មិនបានវះកាត់នោះទេ តែនាងនៅតែបន្ដហ្វឹកហាត់រហូត ដើម្បីត្រៀមចូលរួមការប្រកួតកីឡា SEA Games លើកទី២៩ ដោយរំពឹងដណ្ដើមមេដាយមាស ដើម្បីទទួលបានប្រាក់រង្វាន់មកព្យាបាលរបួសជង្គង់ និងបន្ដការហ្វឹកហាត់សម្រួចទិសដៅឆ្ពោះទៅដណ្ដើម មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុនជាថ្មី។

យ៉ាងណាមិញមិនមែនមានតែវីរៈកីឡាការិនី ស៊ន សៀវម៉ី នោះទេ ដែលមិនទាន់ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ចំពោះការដណ្ដើមបានមេដាយកីឡាស៊ីហ្គេម លើកទី២៩ ពោលគឺមិនទាន់ទទួលបានទាំងអស់គ្នា។ ទន្ទឹមជាមួយគ្នា នឹងការប្រតិកម្មពីសំណាក់អតីតកីឡាករជម្រើសជាតិ ស៊ន អេលីត រឿងប្រាក់រង្វាន់រាជរដ្ឋាភិបាល ស្របពេលប្អូនស្រីខ្លួនត្រូវវះកាត់ជង្គង់នេះ ក៏មានគណនីហ្វេកប៊ុកមួយឈ្មោះ Sport Khmer បានបង្ហោះជាបន្ដបន្ទាប់នូវរឿងប្រាក់រង្វាន់ សម្រាប់ក្រុមកីឡាប៉េតង់ ដែលដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធកម្រិតអាស៊ី នៅមីយ៉ាន់ម៉ាកាលពីចុងឆ្នាំ២០១៦ កន្លងទៅ ហើយមិនទាន់បានរហូតមកទល់ពេលនេះផងដែរ។

ទន្ទឹមគ្នានោះ គណនីហ្វេកបុកអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏បានឆ្លើយតបចំពោះករណី យឺតយ៉ាវនេះផងដែរ ដោយបានលើកឡើងថា «ដោយសារប្រាក់រង្វាន់ឆ្នាំ២០១៧ មានចំនួនច្រើនលើសពីឥណទានដែលមាន ហើយក្រសួងអប់រំ យុវជន និងកីឡាកំពុងខិតខំប្រមែប្រមូលឥណទានពី ជំពូកផ្សេងៗ ដើម្បីយកបំពេញនូវកង្វះខាតលើឥណទានប្រាក់រង្វាន់នេះ សូមកីឡាករ កីឡាការិនីទាំងអស់យោគយល់ និងអធ្យាស្រ័យក្នុងការយឺតយ៉ាវ»