(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ អនុញ្ញាតឲ្យលោក អ៊ីវ៉ាអុ ហូរីអិ (Iwao HORII) អនុរដ្ឋមន្រ្តីការងារកិច្ចការបរទេសសភា នៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។
នៅជំនួបសម្តែងការគួរសមនាព្រឹក សម្តេច ហេង សំរិន បានស្វាគមន៍ចំពោះ លោក អ៊ីវ៉ាអុ ហូរីអិ អនុរដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ។ កម្ពុជា-ជប៉ុន បានបង្កើតចំណងការទូតចាប់តាំងពីឆ្នាំ១៩៥៣មកម្ល៉េះ ហើយចំណងកាទូតនេះ បានផ្តល់ផ្លែផ្កាឲ្យប្រទេសទាំងពីរ ឈានដល់កម្រិតមួយនៃទំនាក់ទំនង ទ្វេរភាគីកម្ពុជា-ជប៉ុន ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការនានា បានប្រព្រឹត្តទៅយ៉ាងរលូន នៅគ្រប់កម្រិត គ្រប់វិស័យ កាន់តែមានភាពរស់រវើក និងស៊ីជម្រៅ បានប្រែក្លាយជាលទ្ធផលជាក់ស្តែងយ៉ាងច្រើន ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា។
ប្រជាជនកម្ពុជាចងចាំថា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បានរួមចំណែកយ៉ាងសកម្ម ក្នុងការស្វែងរកសន្តិភាព និងការស្តាកសាង និងអភិវឌ្ឍន៍ដល់ កម្ពុជាតាំងពីមុនចាប់ផ្តើមកិច្ចចរចាសន្តិភាព រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្តដល់បច្ចុប្បន្ន ធ្វើឲ្យជប៉ុនក្លាយជាដៃគូដ៏មានសក្តានុពល ក្នុងដំណើរការអភិវឌ្ឍន៍នៅកម្ពុជា។ រដ្ឋសភាកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយសភាជប៉ុន តាំងពីទសវត្សរ៍៩០ និងបានសហការគ្នាយ៉ាងជិតស្និទ្ធ តាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក រវាងក្រុមមិត្តភាពសភា នៃប្រទេសទាំងពីរ ព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកលើវេទិកាសភាអន្តរជាតិ។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានរដ្ឋសភា បានធ្វើការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើន សន្ធឹកសន្ធាប់ដល់កម្ពុជា ដើម្បីធ្វើការអភិវឌ្ឍប្រទេស ហើយសង្ឃឹមមិត្តជប៉ុន នឹងបន្តជួយគាំទ្រកម្ពុជាជាបន្តបន្ទាប់ទៀត ផ្នែកអភិវឌ្ឍធនធានមនុស្ស ជប៉ុនក៏បានដើរតួយ៉ាងសំខាន់ណាស់ដែរ តាមរយៈការផ្តល់អាហារូបករណ៍ ទំាងនិស្សិត និងមន្រ្តីរដ្ឋាភិបាលទៅសិក្សានៅជប៉ុន ជារៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍធនធានខួរក្បាលរបស់ជាតិ។
ជាមួយគ្នានេះ សម្តេចពញាចក្រី ហេង សំរិន បានស្នើដល់គណៈប្រតិភូទាំងអស់ សូមជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាដល់ប្រជាជន និងវិនិយោគិនជប៉ុនឲ្យមកទស្សនាកំសាន្ត និងបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើន៕