(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដឹកនាំកិច្ចប្រជុំពិភាក្សាផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។
កិច្ចប្រជុំដែលបានធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងអាវុធ ដែលពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សូមជម្រាបថា បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា តាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋចូលរួមកម្សាន្ដ សប្បាយរីករាយ អបអរសាទរប្រពៃណីទំនៀមទំលាប់ជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បៈគ្រប់ទាំង៣ថ្ងៃ។
ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានឱឡារឹក ស្របតាមលក្ខណៈប្រពៃណីជាតិ និងសភាពការណ៍សេដ្ឋកិច្ច ជាក់ស្តែងរបស់ប្រទេសជាតិ និងធានាសុវត្ថិភាព និងការសប្បាយផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលខុសត្រូវ តាមភារកិច្ចរៀងៗខ្លួនដើម្បីធានាថា ព្រះរាជពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំជារៀងស្នាក់នៅរបស់កម្លាំងចំណុះទូក ដែលនឹងមកចូលរួម រួមទាំងការរៀបចំបង្គន់អនាម័យ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងឲ្យបានសមរម្យផងដែរ ហើយទីតាំងសម្រាប់ចំណុះទូកស្នាក់នៅឆ្នាំនេះ គឺស្ថិតនៅប៉ែកខាងជើងស្ពានជ្រោយចង្វារទាំងអស់ ដោយមិនអនុញ្ញាតិឲ្យមកស្នាក់នៅ ឬសំចតនៅប៉ែកខាងត្បូងស្ពានទេ៕