(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នំា២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនំាគណៈប្រតិភូជាន់ខ្ពស់ ដើម្បីទៅចូលរួមក្នុង ព្រះរាជពិធីថ្វាយព្រះភ្លើង អតីតព្រះមហាក្សត្រថៃព្រះបាទភូមិបុល អាឌុលយ៉ាតេជ។ ទន្ទឹមនិងនេះដែរ បើនិយាយអំពីទំនាក់ទំនងការទូតប្រទេសកម្ពុជា និងថៃ គឺរវាងអតីតព្រះប្រមុខរដ្ឋ ព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជ វិញហាក់ពុំសូវមានអ្នកនយោបាយ អ្នកស្រាវជ្រាវ ឬអ្នកប្រវត្ដិសាស្រ្ដ លើកយកមកធ្វើអធិប្បាយទ្បើយ។

តើការទំនាក់ទំនងរវាងអតីតព្រះប្រមុខរដ្ឋព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជ មានលក្ខណៈប្រពៃថ្លៃថ្លាយ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយអំពីទំនាក់ទំនងការទូតរវាងអតីតព្រះប្រមុខរដ្ឋព្រះបាទ នរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជ គឺព្រះមហាក្សត្រទំាងពីរព្រះអង្គ ពិតជាមានទំនាក់និងគ្នាយ៉ាងប្រពៃថ្លៃថ្លាបំផុត។

ជាក់ស្ដែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ក្នុងព្រះព្រះរាជដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង យាងទៅប្រទេសថៃ តបតាមសេចក្ដីអញ្ជើញនៃព្រះចៅថៃនោះ គឺកាលនោះសម្ដេចឪ បានស្ដេចយាងទៅតាម ព្រះទីនំាងអាកាសយានពិសេស ដោយហោះចេញពីទីក្រុងភ្នំពេញ ប្រហែលមួយម៉ោងបានទៅដល់អរញ្ញ ជាព្រំប្រទល់ដែនខ្មែរ-ថៃ ហើយនៅទីនោះមានយន្ដហោះ នៃកងទ័ពជើងអាកាសថៃចំនួន២៤គ្រឿង បាននៅចំាទទួលដើម្បីហោះដង្ហែថ្វាយ ជាព្រះកិត្ដិយសចំពោះព្រះរាជាខ្មែរ ដរាបដល់ចំណតអាកាសយានដនមឿង។

លោក រត្ន័ សណ្ដាប់ បន្ដថា បន្ទាប់ពីព្រះទីនំាងអាកាសយានបានចុះឈប់នៅចំណតព្រលានយន្ដហោះអន្ដរជាតិដនមឿង យើងឃើញមានរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្ដីតំណាងស្ថាប័ននានាទទួលស្វាគមន៍យ៉ាងប្រពៃថ្លៃថ្លាបំផុត ពិសេសមានកំាភ្លើង២១ណាត់បានថ្វាយជាព្រះកិត្ដិយសដល់អង្គសម្ដេចឪផងដែរ។ ស្ថិតក្នុងព្រះរាជទស្សនកិច្ចនេះសម្ដេចឪ (ព្រះបរមរតនកោដ្ឋ) បានបង្ហាញពីព្រះទ័យសោមនស្សជាទីពេញចិត្ដយ៉ាងក្រៃលែងបំផុត ដោយព្រះអង្គមានព្រះបន្ទូលថា «សូមឲ្យការទស្សនានេះ ជានិមិត្ដរូបមួយបង្ហាញដល់ប្រជាជាតិថៃ នូវទឹកចិត្ដរបស់ប្រជាជាតិខ្មែរទំាងមូល ហើយនេះគឺជាគន្លងមួយអាចឲ្យមានការ រួបរួមគ្នាយ៉ាងជិតសិ្នទ្ធិ សេចក្ដីសុខចំរើនដល់ប្រជាជាតិយើងទំាងពីរ»

ស្ថិតក្នុងបរិយាកាសនេះផងដែរ ព្រះករុណាព្រះបាទភូមិបុល អាឌុលយ៉ាតេជ ព្រះអង្គបានមានព្រះបន្ទូលឆ្លើយតបដល់អង្គសម្ដេចឪថា «ព្រះរាជវំាងយើងទំាងពីរ បានរក្សាទុកនូវការទាក់ទងគ្នា ដោយមិត្ដភាពយ៉ាងសិ្នទ្ធស្នាលតំាងពីយូរឆ្នាំកន្លងមកហើយៗការទាក់ទងនេះ ក៏ចេះតែមានបន្ដមកដោយរីករាយ ពេញចិត្ដយ៉ាងក្រៃលែង ហើយរដ្ឋយើងទំាងពីរនឹងចាប់យកគោលបំណងស្របគ្នាតែមួយទៅអនាគត គឺនឹងខិតខំថែរក្សានូវសន្ដិភាព នឹងរក្សាសេចក្ដីសុខសាន្ដ ទៅវិញទៅមក រវាងប្រជាជាតិទំាងពីរ ព្រមទំាងយើងត្រូវខំប្រឹងប្រែងរៀបចំលើកតម្កើងឋានៈនៃពលរដ្ឋយើងឲ្យបានចំរើនខាងផ្លូវសេដ្ឋកិច្ច នឹងខាងសង្គមផង»

លោក រត្ន័ សណ្ដាប់ បន្ដទៀតថាអ្វីកាន់តែប្រពៃថ្លៃថ្លាបំផុតថែមទៀតនោះ រវាងអតីតព្រះប្រមុខរដ្ឋទំាងពីរប្រទេស គឺព្រះករុណាព្រះបាទភូមិបុល អាឌុលយ៉ាតេជ បានសម្ដេចយាងចូលរួមព្រះក្រយាស្ងោយនៅស្ថានទូតខ្មែរ ប្រចំាប្រទេសថៃ តបតាមការអញ្ជើញអង្គសម្ដេចឪហើយនេះក៏ជាព្រះកិត្ដិយសដំបូងបំផុតផងដែរ របស់ព្រះអង្គ ក្នុងចំណោមស្ថានទូតបរទេសនានាដែលបំពេញបេសកកម្មនៅបាងកក។

បើដូច្នេះ អំពីគុណតម្លៃអតីតព្រះប្រមុខរដ្ឋប្រទេសទំាងពីរ គឺជានិមិត្ដរូបឯកភាពជាតិ និងភាពសុខសាន្ដរបស់ប្រជាជាតិនីមួយៗ ក្នុងនោះគឺ៖
* ព្រះករុណា ព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ជាក្សត្រសោយរាជ្យពីរដង ក្នុងប្រវត្ដិសាស្រ្ដពិភពលោក គឺសង្គមរាស្រ្ដនិយមទី១ និងទី២។
* ព្រះករុណា ព្រះបាទភូមិបុល អាឌុលយ៉ាតេជ ជាក្សត្រសោយរាជ្យយូរជាងគេបំផុតក្នុងប្រវត្ដិសាស្រ្ដពិភពលោក គឺ៧០ឆ្នាំ៕