(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា នឹងបន្ដធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមខ្លាំង U19 មីយ៉ាន់ម៉ា លើទីលានពហុកីឡដ្ឋានជាតិ នាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ ១៩ឆ្នាំប្រចាំទ្វីបអាស៊ី AFC U19 Championship 2018 ពូល G។

នេះជាប្រកួតទី២ ក្នុងនាមជាម្ចាស់ផ្ទះ បន្ទាប់ពីក្រុម U19 កម្ពុជា ប្រកួតចាញ់ក្រុខ្លាំង U19 ចិនចុងម៉ោង ១-០ កាលពីថ្ងៃអង្គារកន្លងទៅ។ ការប្រកួតល្ងាចនេះដែរ ក្រុមដឹកនាំដោយលោក Inoue kazunori ត្រូវការឈ្នះក្រុម U19 មីយ៉ាន់ម៉ាដាច់ខាត ដើម្បីបន្ដឱកាសឈានទៅវគ្គបន្ដ។ តែយ៉ាងណាមីយ៉ាន់ម៉ា មិនមែនជាក្រុមធម្មតានោះទេ ព្រោះក្រុមនេះ ទើបបំបាក់ក្រុម U19 ហ្វីលីពីន ៦-០ រួច។

លោក Inoue Kazunori ធ្លាប់បានលើកឡើង ក្រោយចាញ់ U19 ចិនចុងម៉ោងថា ការប្រកួតបន្ទាប់នេះ ទោះបីកូនក្រុមខ្វះខាតបន្ដិចបន្ទួច តែលោកនឹងព្យាយាមបំពេញបន្ថែម ដើម្បីទទួលបានលទ្ធផលល្អ។ ប៉ុន្ដែលោកបានស្នើម្យ៉ាងដល់កូនក្រុម គឺត្រូវមានភាពអត់ធ្មត់ និងរក្សាជំហរឲ្យបានរឹងមាំក្នុងការប្រកួត ពិសេសចុងម៉ោង ដើម្បីចៀសវាងការបង្កកំហុសនាំឲ្យរបូតគ្រាប់បាល់ចុងម៉ោងទៀត។

គួរបញ្ជាក់ថា កម្មវិធីប្រកួតថ្ងៃនេះក៏មាន ២គូផងដែរ ពោលគឺមុនឈានដល់ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ និងក្រុមខ្លាំងមីយ៉ាន់ម៉ា ក្រុម U19 ចិន ដែលទើបយក ៣ពិន្ទុពីកម្ពុជា ក៏ត្រូវប្រកួតទី២ របស់ខ្លួន ដោយជួបក្រុម U19 ហ្វីលីពីន លើទីលានពហុកីឡដ្ឋានជាតិ ម៉ោង ៣៖៣០នាទីរសៀលនេះ ហើយការប្រកួតទាំងពីរ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ៕