(ភ្នំពេញ)៖ ក្រុមហ៊ុនកូកា-កូឡា បានចាប់ដៃគូសហការណ៍ជាមួយនិងរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងដៃពាណិជ្ជកម្ម ក្នុងវិស័យឯកជនផ្សេងទៀត បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវមជ្ឈមណ្ឌលអភិវឌ្ឍសហគមន៍ (Ekocenter)ទី១ នៅកម្ពុជា ដែលប្រជាជន ទទួលបានទឹកស្អាតពិសា បណ្ណាល័យ ថ្នាក់រៀន កុំព្យូទ័រ ជាមួយនឹងប្រព័ន្ធអ៊ីនធឺណេត ទីលានបាល់ទះ ពិសេសសាងសង់តូបលក់គ្រឿងទេសដែលបំពាក់ដោយប្រព័ន្ធសូឡា និងផ្សេងៗទៀត ។

ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវ Ekocenter ដែលស្ថិតនៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៥​តុលា ឆ្នាំ២០១៧ គឺមានចម្ងាយប្រហែល៥គីឡូម៉ែត្រ ពីរោងចក្រផលិតភេសជ្ជៈកម្ពុជាកូកា-កូឡា ដែលជារោងចក្រថ្មីរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្រោមអធិបតីភាព របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងដៃគូសហការកូកា-កូឡាជាច្រើនទៀត។

លោក Dana Bolden អនុប្រធាននៃក្រុមហ៊ុនវិនិយោគ កូកា-កូឡា Botting Investments Group បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១៣មក ក្រុមហ៊ុន កូកា-កូឡា បាននាំយកមជ្ឈមណ្ឌល Ekocenter ទៅកាន់សហគមន៍ជាច្រើន នៅទូទាំងពិភពលោក ដើម្បីគាំទ្រទឹកស្អាត នៅតាមសហគមន៍ ហើយEkocenterនៅកម្ពុជានេះ នឹងក្លាយជាមជ្ឈមណ្ឌលទី១៦៥ ក្នុងចំណោមមជ្ឈមណ្ឌល ទាំងអស់ នៅលើសកលលោក ។គិតត្រឹមដំណាច់ឆ្នាំ២០១៧ គម្រោងមជ្ឈមណ្ឌល Ekocenterប្រភេទនេះ នឹងកើនដល់ជាង១៧០កន្លែង ដែលនឹងមានវត្ដមាននៅក្នុងសហគមន៍ចំនួន០៧ ផ្សេងទៀត ដូចជា៖ ប្រទេសកេនយ៉ា តង់ហ្សានី រវ៉ាន់ដា អ៊ីស្យ៉ូពី ហ្កាណា វៀតណាម និងអាហ្វ្រិកខាងត្បូង ។

លោកបន្ដថា «Ekocenter ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម ពីក្រុមហ៊ុនរបស់យើង ហើយក៏មានការចូលរួម ពីសហភាពសហព័ន្ធយុវជនកម្ពុជា អង្គការ USAID និងអង្គការ Winrock ព្រមទាំងទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា និងឧបត្ថម្ភពីក្រុមហ៊ុនចំនួន៩ទៀត រួមមាន៖ ក្រុមហ៊ុ​ន Solarkisok, CleanTech Solar, Monument Book and Kids City, Pop Hot News, Yellow Tree, Quantum Communications, Wing, Sokea Garden និងក្រុមហ៊ុន Hybrid Advertising ។ដូចនេះ យើងប្ដេជ្ញាចិត្ដ រួមចំណែកក្នុងការអភិវឌុ្ឍប្រទេសកម្ពុជា ពិសេសពង្រីកការវិនិយោគ ឲ្យកាន់តែប្រសើរឡើងថែមទៀត»

ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី បានថ្លែងថា «គំនិតផ្ដួចផ្ដើម ដែលផ្ដើមចេញពីក្រុមហ៊ុន កូកា-កូឡា ក្នុងការបង្កើតនូវមជ្ឈមណ្ឌលអភិវឌ្ឍសហគមន៍ (Ekocenter) គឺជាការផ្សារភ្ជាប់នូវឱកាស ឲ្យឃើញពីសក្ដានុពលនៃការវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជា ហើយសូមជឿជាក់ចុះ រាជរដ្ឋាភិបាលកម្ពុជា និងថែរក្សាដាច់ខាត នៃបរិយាកាសុខសន្ដិភាព និងស្ថេរភាព រួមទាំងជំរុញ ក្នុងការកែទម្រង់ ដើម្បីធ្វើយ៉ាងណាបរិយាកាសវិនិយោគ នៃកូកា-កូឡា និងក្រុមហ៊ុនធំៗ ក៏ដូចជាទាក់ទាញក្រុមហ៊ុនធំៗដទៃទៀត មកវិនិយោគបន្ថែមទៀតនៅកម្ពុជា»

ព្រមជាមួយគ្នានោះ ប្រជាពលរដ្ឋ នៅទីនោះ ក៏បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង ពេលមានមជ្ឈមណ្ឌល Ekocenter ដែលនឹងភាពងាយស្រួល ក្នុងការផ្ដល់នូវមុខរបររកស៊ី ដល់ពួកគាត់ រួមទាំងការផ្ដល់ទីតាំង និងឧបករណ៍សិក្សាដល់កូនចៅ ពិសេសទឹកស្អាត ដែលអាចពិសាបានតែម្ដង៕