(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជាទៅចូលរួមពិធីថ្វាយព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាតេជ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលនឹងអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមពិធីនេះ រួមមាន​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។ នេះបើតាមការជូនព័ត៌មានរបស់ក្រសួងការបរទេស។

ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ក្នុងពិធីនេះ គឺដើម្បីសម្តែងសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រថៃ ដែលបានសោយទីវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ព្រះចៅ ភូមិបុល អាឌុលយ៉ាតេជ ព្រះមហាក្សត្រប្រទេសថៃ បានយាងសោយទិវង្គត ដោយជរាពាធ កាលពីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងជន្មាយុ ៨៩ព្រះវស្សា។ ដើម្បីកាន់ទុក្ខ សម្រាប់ការសោយទិ​វង្គតរបស់ព្រះមហាក្សត្រថៃដ៏មានឥទ្ធិពលនេះ រដ្ឋាភិបាលថៃយោធាថៃ បានប្រកាស កាន់ទុក្ខរយៈពេល១ឆ្នាំ ផងដែរ៕