(ភ្នំពេញ)៖ នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងជំនាញនៃកងរាជ អាវុធហត្ថរាជធានីភ្នំពេញបាន បញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ ឡេង ធារ៉ា ជាប់ពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផ្ទុះអាវុធខុសច្បាប់ទៅកាន់តុលាការ ដើម្បីឲ្យព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។

គួររំលឹកដែរថា កាលពីវេលាម៉ោង១៖២០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មានករណីបាញ់បោះសេរីមួយកើតឡើង បង្កដោយបុរសម្នាក់ បានបើករថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាក ឡិចស៊ីស LS450 ពណ៌ខ្មៅ នៅចំណុចផ្លូវលេខ៧៥ កែងផ្លូវលេខ៨៤ ទល់មុខសណ្ឋាគារ ហូលីដេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានដកកាំភ្លើងបាញ់រះទៅលើមេឃ ចំនួន០៤គ្រាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រ តែត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនបង្កបានភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ ក៏ដូចជាសារព័ត៌មានមួយចំនួន បានសន្និដ្ឋានថា ជនបង្កគឺជាមន្ត្រីប៉ូលីសស័ក្ត១ ព្រោះថា គេឃើញជនសង្ស័យរូបនេះ មានកាំភ្លើងប្រើប្រាស់។ តែជាក់ស្តែង បុរសរូបនោះ ពុំមែនជាប៉ូលីសឬជាមន្ត្រីអ្វីមួយនោះទេ គឺជាជនស៊ីវិលសុទ្ធសាធ ដែលបានកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់ ។

តាមការស្រាវជ្រាវ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគេមានឈ្មោះ ឡេង ធារ៉ា អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភ្នំពេញ បច្ចុប្បន្នរស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំបូងឡើយរូបគេ បានស្គាល់រាប់អានគ្នា ជាបងប្អូនធម៌ ជាមួយស្ត្រីម្នាក់ តាមរយៈហ្វេសប៊ុក រហូតបានប្រហែល១ឆ្នាំ ស្ត្រីដែលជាបងធម៌ ក៏បានហៅរូបគេ ឲ្យមកជួយមើលការខុសត្រូវក្នុង ក្លឹបកំសាន្តមួយកន្លែង យីហោ Work Hub ស្ថិតនៅផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មករូបគេ ក៏បានស្គាល់ជាមួយភ្ញៀវម្នាក់តែងតែផឹកស៊ីជាមួយគ្នា ដោយភ្ញៀវម្នាក់នោះប្រាប់ថា មានកាំភ្លើងមួយដើមម៉ាក XD ពណ៌ខ្មៅ ចង់រកលក់ ទើបរូបគេបានទាក់ទងទិញយកកាំភ្លើងនោះតែម្តង ក្នុងតម្លៃ១,៥០០ដុល្លារ ទុកសម្រាប់ប្រើប្រាស់ក្នុងក្លឹប និងដាក់តាមខ្លួនពេលចេញទៅណាម្តងៗ។

រហូតមកដល់យប់កើតហេតុ រូបគេបានបើករថយន្តចេញពីផ្ទះ ទៅក្លឹបWork Hub ហើយពេលទៅដល់ ក៏ត្រូវបងស្រីធម៌ ស្តីបន្ទោសប្រើពាក្យមិនសមរម្យជាច្រើន បង្កឲ្យមានការឈ្លោះប្រកែកគ្នា ទើបធ្វើឲ្យរូបគេផ្ទុះកំហឹង រួចរូបគេក៏បានបើករថយន្តរបស់បងធម៌ បុកបង្គោលសសរ ក្នុងក្លឹបជាច្រើនលើក ដើម្បីបញ្ចេញកំហឹង និងដកអាវុធខ្លីបាញ់ឡើងទៅលើចំនួន០៤គ្រាប់ ទើបត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនតែម្តង៕