(ព្រះវិហារ)៖ រថយន្តច្នៃមួយគ្រឿង បានលួចដឹកឈើប្រណិតជាច្រើនដុំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រៃឈើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបាននៅចំណុចភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ប៉ុន្តែបែរជាលិចឮព័ត៌មានថា សមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ប្រុងដោះស្រាយបញ្ហាស្ងាត់ៗ ដោយមិនបានរាយការណ៍ទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដែលជាថ្នាក់លើរបស់ខ្លួនឡើយ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នាល្ងាចថ្ងៃទី២៥ ខែតុលានេះថា ការបង្ក្រាបរថយន្តដឹកឈើខាងលើ ធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ម្សិលមិញ ក្នុងនោះមានឈើធ្នង់ចំនួន១១ដុំ ដែលជំនាញសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បង្រ្កាបបានដោយសហការជាមួយអាវុធហត្ថ ប្រចាំស្នាក់ការភូមិធម្មជាតិ។ បច្ចុប្បន្នទាំងរថយន្ត និងឈើត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលកន្ទួត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ទាក់ទងនឹងព័ត៌មានបង្ហោះតាមបណ្ដាញសង្គម Facebook មួយថា សង្ស័យផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត បង្ក្រាបបទល្មើសព្រៃឈើបានហើយ មិនរាយការណ៍ជូនខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ទីរមានសមត្ថកិច្ច ទុកដោះដូរនឹងថ្នូរអ្វីមួយហើយ។

ប៉ុន្តែភ្នាក់ងារព័ត៌មាន Fresh News មិនអាចសុំការបំភ្លឹពីលោក ជ័យ រ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត និងលោកនាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តបានទេ ដោយសារទូរស័ព្ទចូលដែរ តែមិនមានអ្នកទទួល។

ដោយឡែក លោក ពឹង ទ្រីដា បានបកស្រាយបំភ្លឺឲ្យដឹងថា មិនមានករណីបែបនេះនោះទេ ព្រោះខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានរាយការណ៍ជូនលោក កាលពីព្រឹកមិញរួចស្រេចហើយ៕