(កំពង់ធំ)៖ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានថ្លែងថា ការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង ពិតជាមានសារសំខាន់ណាល់ ព្រោះវាជាសោភ័ណ្ឌភាពរបស់ក្រុង និងជាមុខមាត់របស់ខេត្តផងដែរ។

លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពិភាក្សាការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែលមានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជាប់ពាក់ព័ន្ធ ជុំវិញខេត្ត។

លោកអភិបាលក្រុងបន្ថែមថា ក្រុងស្ទឹងសែនមានសោភ័ណ្ឌភាពល្អប្រសើរ ទៅបានលុះត្រាតែយើង ទាំងអស់គ្នាចូលរួមរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវឲ្យបានស្អាតបាត។ ការរៀបចំទាំងនោះរួមមាន ការសំអាតផ្លូវនៅក្នុងក្រុង ដោយធ្វើការបោសសំអាតធូលី និងសំរាមជាប្រចាំនៅតាមដងផ្លូវមួយចំនួន ក្នុងការកាត់បន្ថយភាពកង្វក់ដោយធូលីដី ចំពោះការដាក់ធុងសំរាមក៏មានសារសំខាន់ណាស់ដែរព្រោះ វាអាចសម្រួលដល់ការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋ និងជាការបង្កើតទម្លាប់នៃការឈប់ចោលសំរាម ពាសវាលពាសកាលរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅលុបបំបាត់សំរ៉ាមនៅក្នុងក្រុងនាពេលអនាគត លើសពីនេះទៅទៀត ការរៀបចំទីតាំងលក់ដូរតាមដងផ្លូវត្រូវមានវិធានការដោយមិនអនុញ្ញាតឲ្យលក់លើចំណីផ្លូវឡើយ លើកលែងតែទីតាំងមួយចំនួន ដែលមានការអនុញ្ញាតដោយក្រុងធ្វើជាទីតាំង ឲ្យដាក់លក់រួចជាស្រេច។ មួយវិញទៀត ការតសំយ៉ាបរបស់ប្រជាពលរដ្ឋ ត្រូវមានភាពស្មើរគ្នាដោយកំណត់ជាប្រវែងចំងាយពីផ្លូវឲ្យបានត្រឹមត្រូវ។

លោកបន្តដែរថា ចំណុចដែលយើងត្រូវធ្វើការយកចិត្តទុកដាក់មិនអាចរំលងបាន នោះគឺចរាចរណ៍ដោយមានការរៀបចំកែលម្អរនូវការចតយាន្តយន្តនៅតាមដងផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ បងអាជីវករ អ្នករត់រថយន្តឈ្នួល ត្រូវមានការកំណត់ទីតាំងទុកដាក់យាន្តយន្ត ត្រូវមានសោភ័ណ្ឌភាព និងគោរពសិទ្ធិនៃការប្រើប្រាស់ផ្លូវជាតិ ជាពិសេសផ្លូវប្រជាធិបតេយ្យពីចំណុច អរុណរះទៅមន្ទីរពេទ្យខេត្ត និងផ្លូវសេរីភាព ពីចំណុចមុខផ្សារកំពង់ធំ ទៅកាន់ភោជនីយដ្ឋានអរុណរះ គឺមិនអនុញ្ញាតឲ្យចតឡើយបើចតត្រូវឡើងលើខឿនតែម្តង។

លោកបានលើកឡើងពីការលក់ដូរនៅពេលរាត្រី ដោយធ្វើការចុះពន្យល់ដល់បងប្អូនអាជីវករពីការ ជួយសំអាតបរិស្ថានការទុកដាក់សំរាម ការទុកដាក់សម្ភារក្រោយពីពេលលក់ដូររួចឲ្យបានត្រឹមត្រូវ និងធ្វើការដឹកជញ្ជូនឲ្យបានអស់ពីតាំងរបស់ខ្លួន ជាពិសេស គឺត្រូវមានអនាម័យម្ហូមអាហារដែលជាកត្តា ជួយថែសុខភាពបងប្អូនប្រជា ពលរដ្ឋក្នុងខេត្ត អ្នកដំណើរឆ្លងកាត់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា កំសាន្តក្នុងខេត្តកំពង់ធំយើងផងដែរ។

ជាចុងក្រោយលោកអភិបាលក្រុង បានផ្តាំផ្ញើទៅកងកម្លាំងមន្ត្រីជួយធ្វើការសហការគ្នាឲ្យបានស្អិតរមួត ក្នុងការបំពេញភារកិច្ចនៃការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវជាតិរបស់យើងឲ្យបានល្អប្រសើរ ព្រមទាំងអំពាវឲ្យបងប្ងូនប្រជាពលរដ្ឋ រួមសហការគ្នាអនុវត្តដើម្បីឲ្យទីក្រុងស្ទឹងសែននៃខេត្តកំពង់ធំ ក្លាយជាទីក្រុងស្អាត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាខេត្តយើងឲ្យកាន់ តែច្រើនឡើង៕