(ភ្នំពេញ)៖ បងប្អូនស្ដ្រីក្នុងវិស័យការងារពាណិជ្ជកម្ម ពិតជាបានចូលរួមចំណែកដ៏សំខាន់លើការងារអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច សង្គម និងការងារអភិវឌ្ឍន៍សមត្ថភាពស្ដ្រី បានយ៉ាងល្អប្រសើរ ថ្វីត្បិតតែវិស័យពាណិជ្ជកម្មមានការរីកចម្រើនក្តី ក៏ប៉ុន្តែស្ត្រីជាថ្នាក់ដឹនាំនៅតែជួបបញ្ហាប្រឈមនៅឡើយ ដូចជាការមាក់ងាយពីបុរស ពីអ្នកមានអំណាចតាមការបោក បញ្ឆោត, ការរើសអើង, ភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគម នារីកម្ពុជាដើម្បីអភិវឌ្ឍន៍ និងសន្តិភាព នៅរសៀលថ្ងៃទី២៥ តុលា ឆ្នាំ២០១៧នេះ ខណៈលោកស្រី ចូលរួមជាអធិបតីក្នុងពិធីប្រកាសគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម៤៥០នាក់។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នការងារស្រ្ដី ក្នុងវិស័យនយោបាយ និងកិច្ចការនារី គឺបានតួនាទីសំខាន់ណាស់ ព្រោះនារីបានបំពេញ និងបញ្រ្ជាបទៅដល់ស្រ្ដីនៅមូលដ្ឋាន ដោយភ្ជាប់នូវខ្លឹមសារគ្រោះថ្នាក់ អំពីការរំលោភបំពានផ្លូវភេទ, អំពើហិង្សាលើស្ត្រី ការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត, ការរើសអើង, ភាពក្រីក្រ និងសុខភាពទាំងអស់នេះ។ ដោយសារមូលហេតុមួយចំនួនដូចជា កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រីការរើសអើងរបស់មនុស្សខ្លះក្នុងសង្គម ការភ្លើតភ្លើន ទៅតាមសម្ភារៈនិយមការ វិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមនៅលើពិភពលោក និងនៅកម្ពុជាការកើនឡើងនៃទេសន្តប្រវេសន៍ឆ្លងដែន។
លោកស្រីបន្តថា ការកើនឡើងនៃសេវាកម្មទេសចរណ៍ ជាពិសេសក្នុងវិស័យឧស្សាហកម្មកំសាន្ត ការប្រើខុសទិសដៅ នៃបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទ អ៊ីនធើណេត និងបណ្តាញសង្គមទំនើប ដូចជាហ្វេសបុកជាដើម ដែលអាចឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយស និងតម្លៃរបស់ស្រ្តីខ្មែរក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ដែលតម្រូវឲ្យយើងរួមគ្នាប្រឹង ប្រែងចាត់វិធានការរកដំណោះស្រាយឲ្យបានទាន់ពេលវេលាតាមគ្រប់រូបភាពផងដែរ។
លោកស្រី បានបន្ដថា បញ្ហាទាំងអស់នេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី កំពុងដាក់ចេញនូវវិធានការជាក់លាក់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដូចជាការតែងតាំងស្ដ្រី ជាអភិបាលរង រាជធានី, ខេត្ដ, ក្រុង, ស្រុក, ខណ្ឌការតែងតាំង ឲ្យមានស្រ្ដីជាថ្នាក់ដឹកនាំ តាមក្រសួងមន្ទីរនានា ក្នុងកងកម្លាំងប្រដាប់អាវុធគ្រប់កម្រិត។ ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីជាថ្នាក់ដឹកនាំ ក្នុងសេចក្ដីសម្រេចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពនានា និងសេចក្ដីណែនាំក្នុងការលើកកម្ពស់ សមភាព យេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្ដ្រី គ្រប់ក្រសួងស្ថាប័ន ត្រូវបង្កលក្ខណៈជ្រើសរើស ប្រលងមន្ដ្រីរាជការឲ្យចូលបម្រើការងារ ត្រូវមានស្រ្ដីឲ្យបាន២០ទៅ៥០ភាគរយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បានពន្យាអាយុមន្រ្ដីដែលជាស្រ្ដីឲ្យចូលនិវត្ដន៍ ដល់អាយុ៦០ឆ្នាំផងដែរ។
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានប្រតិបត្ដិគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា បច្ចុប្បន្នស្រ្ដីដែលកំពុងបម្រើការងារ នៅក្រសួងពាណិជ្ជកម្មមានចំនួន៤៥០នាក់ ដោយឡែកស្ដ្រីដែលមានតួនាទី ចំនួន២៣៦នាក់។ បច្ចុប្បន្ននេះការងារស្ដ្រីនៅក្រសួងពាណិជ្ជកម្ម កំពុងបំពេញតួនាទី និងភារកិច្ចដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជពាណិជ្ជកម្ម តាមរយៈការផ្ដល់សេវាសាធារណៈផ្សេងៗ ដូចជាការចុះបញ្ជីពាណិជ្ជកម្ម, ការចុះបញ្ជីម៉ាក, ការចេញវិញ្ញាបត្រប្រភពដើម, ការជំរុញអភិវឌ្ឍន៍សមត្ថភាពផលិត និងការផ្គត់ផ្គង់។
ទោះជាយ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់បងប្អូននារី នៃក្រសួងពាណិជ្ជកម្មទាំងអស់ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខរបស់ប្រជាជាតិយើង៕