(សៀមរាប)៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិនិយោគទេសចរណ៍ វប្បធម៌អន្តរជាតិការហេង បានបោះទុនវិនិយោគ ១០០លានយាន់ ស្មើនឹង១៥លានដុល្លារអាមេរិក សាងសង់មណ្ឌលកម្សាន្ដអាណាចក្រអង្គរ ក្រុងសៀមរាប លើផ្ទៃដីទំហំ ៦០០០ម៉ែត្រក្រឡា ផ្ទុកភ្ញៀវបានជាង ១ពាន់នាក់ ដើម្បីបង្ហាញពីគំរោងវិនិយោគ ដ៏មានភាពទាក់ទាញ នេះដល់សាធារណៈជន។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន ស្ដីពី «មណ្ឌលកម្សាន្ដអាណាចក្រអង្គរ» នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា ប្រាសាទអង្គរវត្តជាអច្ឆរិយ នៃកេរ្តិ៍ដំណែលពិភពលោកទាំង៧ មិនត្រឹមតែជាសម្បត្តិស្ថាបត្យកម្មពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទីសក្ការៈ នៃស្មារតីមនុស្សជាតិ និងជាមរតកសិល្បៈដ៏អស្ចារ្យ។
អ្នកឧកញ៉ា បានបន្ថែមថា គំរោងមណ្ឌលកម្សាន្ដអាណាចក្រអង្គរ ត្រូវបានបោះទុនវិនិយោគ ១០០លានយាន់ ស្មើនឹង១៥លានដុល្លារអាមេរិក ជាគម្រោងមណ្ឌលកម្សាន្ដចម្រុះ ដោយមានការសម្ដែងល្ខោនជាស្នូល មានរោងមហោស្រព តំបន់ពាណិជ្ជកម្ម តំបន់កម្សាន្ដ តំបន់ភោជនីយដ្ឋាន -ល- រោងមហោស្របអាណាចក្រអង្គរ សាងសង់លើផ្ទៃដីទំហំ ៦០០០ម៉ែត្រក្រឡា ធានាចំណុះភ្ញៀវបានជាង១២០០នាក់ គឺជារោងមហោស្របទំនើប មានមុខងារសព្វគ្រប់ជាងគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ី-អាគ្នេយ៍ ឮល្ខោងសម្ដែងដោយប្រមូលផ្ដុំដោយវប្បធម៌ សិល្បៈ សៀក របាំ តន្ត្រី សម្លៀកបំពាក់ និងភាពឆ្នៃប្រឌិតនៃសិល្បករចិន និងកម្ពុជា។
ចំពោះ អ្នកសម្ដែងជាង ២០០នាក់ ជាជនជាតិខ្មែរ ការសម្ដែងបង្ហាញពីសម័យអង្គរ ធម្មជាតិស្រស់ស្អាតព្រៃត្រូពិច ក្ដីស្រលាញ់នៃការចិញ្ចឹមបីបាច់ពីបឹងទន្លេសាប ភាពក្លាហាន និងសោកនាដកម្មនៃសង្គ្រាមជាមួយប្រទេសជិតខាង និងការខិតខំប្រឹងប្រែងស្ថាបនាប្រទេសឡើងវិញ ។ ការសម្ដែងក៏បង្ហាញឲ្យដឹងពីប្រវត្តិសាស្ត្របុរាណ វប្បធម៌ដ៏អស្ចារ្យ និងទិដ្ឋភាពស្រស់ស្អាត នៃកម្ពុជាផង។
គំរោងមណ្ឌលកម្សាន្ដអាណាចក្រអង្គរ បានទាញយកចំណុចល្អៗ ពីគម្រោងកម្សាន្ដអន្តរជាតិ គួបផ្សំលក្ខណៈពិសេស នៃវិស័យទេសចរណ៍សៀមរាប កែលំអរជីវភាពកំសាន្ដរបស់ប្រជាពលរដ្ឋ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌សៀមរាប មជ្ឈមណ្ឌលកម្សាន្ដ ជានិមិត្តរូបថ្មីមួយទៀតរបស់កម្ពុជា ។
អ្នកឧកញ៉ា ក៏បានលើកឡើងថា គំរោងមណ្ឌលកម្សាន្ដអាណាចក្រអង្គរ គឺជាសមិទ្ធផលមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា និងចិន ហើយក៏ជាមោទនភាព របស់ប្រជាជនកម្ពុជាដែរ។
គំរោងនេះ នឹងនាំមកនូវតម្លៃបន្ថែមសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប ដោយផ្ដល់សេវាកាន់តែល្អសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
ក្រុមហ៊ុនកាណាឌីយ៉ាគ្រុប នឹងបន្តគាំទ្រ ពេញទំហឹង ដើម្បីឲ្យគំរោងដំណើរការ និងអភិវឌ្ឍន៍បានល្អ ហើយអ្នកឧកញ៉ា ក៏បានជូនពរ គំរោងមណ្ឌលកម្សាន្ដអាណាចក្រអង្គរ ទទួលបានជោគជ័យផងដែរ៕