(ភ្នំពេញ)៖ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី បានចាកចេញពីពន្ធនាគារព្រៃសហើយ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ក្រោយពេលដែលដីកាបញ្ជាឲ្យ ដោះលែងរបស់ព្រះរាជអាជ្ញា បានទៅដល់ពន្ធនាគារ។ ការដោះលែងនេះធ្វើឡើងបន្ទាប់ពីមានការលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា លោក ហុង សុខហួរ ត្រូវបានដោះលែងចេញពីពន្ធនាគារ នៅវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃនេះ ដោយក្រុមគ្រួសាររបស់គាត់ទៅទទួល។
សូមបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ព្រះរាជទានការលើកលែងទោស ឱ្យមានសេរីភាពឡើងវិញហើយ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយពេលឃុំខ្លួនរយៈពេលជាង២ឆ្នាំ។ ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីលោក ហុង សុខហួរ បានសរសេរលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន ហើយសម្តែងការសោកស្តាយ ចំពោះកំហុសឆ្គងរបស់លោកកន្លងមក ដែលបានបង្ហោះឯកសារព្រំដែនក្លែងក្លាយ ជាហេតុនាំឱ្យមានការភាន់ច្រឡំ ក្នុងមតិសាធារណៈ លើគោលនយោបាយ និងការអនុវត្តកន្លងមករបស់រាជរដ្ឋាភិបាល។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះនូវឯកសារក្លែងក្លាយមួយ ស្តីពីសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី។ លោកត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស លោក ហុង សុខហួរ ដាក់ពន្ធនាគារ៧ឆ្នាំ ហើយមិនពិន័យជាប្រាក់ទេ។ ក្រោយការកាត់ទោសនេះ លោក ហុង សុខហួរ បានបរាជ័យជាបន្តបន្ទាប់ នៅក្នុងការប្តឹងជំទាស ទៅនឹងការសម្រេចរបស់ សាលាដំបូង រាជធានីភ្នំពេញ។ គិតរហូតមកដល់ពេលនេះ មានរយៈពេលជាង២ឆ្នាំហើយ ដែលលោក ហុង