(ស្វាយវៀង)៖ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរដែនដី និងគណៈកម្មការផ្សារ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានចុះទៅធ្វើការអង្កេតទីផ្សាររាត្រី និងផ្សារតាពៅ ក្នុងក្រុងបាវិត ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។

ការចុះទៅធ្វើការអង្កេតខាងលើនេះ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញ ដែលបានដាក់តាំងលក់លើទីផ្សារខាងលើ ព្រមទាំងបានធ្វើតេស្តបឋម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ មិនឲ្យប្រើប្រាស់ លើម្ហូបអារហារ ទៅលើបន្លែ និងសាច់ស្រស់មួយចំនួន។

ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមី ត្រូវបានរកឃើញនៅលើបន្លែ និងសាច់ស្រស់ទាំងនោះទេ។ តែក្នុងនោះ ក្រុមការងារ បានរកឃើញផលិតផលវេចខ្ចប់ស្រេច ដែលមានសភាពមិនប្រក្រតី និងខូចគុណភាពមួយចំនួនតូច ហើយក៏បានធ្វើការដកហូតទៅតាមនីតិវិធី សម្រាប់កំទេចចោលផងដែរ៕