(ភ្នំពេញ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី នៅល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ ការដោះលែង លោក ហុង សុខហួរ ចេញពីពន្ធនាគារព្រៃស នឹងធ្វើឡើងនៅព្រលប់ថ្ងៃពុធនេះតែម្តង។ នេះបើតាមការអះអាងរបស់ លោក លី សុផាណា អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News នៅប៉ុន្មាននាទីមុននេះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យដោះលែងទណ្ឌិតឈ្មោះ ហុង សុខហួរ អាយុ៥៩ឆ្នាំ ដែលត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសតាមព្រះរាជក្រិត្យលេខ នស/រកត/១០១៧/៨៣៣ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដោយដីកាបង្គាប់ឲ្យដោះលែងលេខ១៧២៣ អយម ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ហើយបានកំពុងអនុវត្តការដោះលែងតាមនីតិវិធី»។
បើតាមមន្រ្តីតុលាការ បានអះអាងថា ដីកាដោះលែងនោះ បានទៅដល់ពន្ធនាគារហើយ ដើម្បីដោះលែងទណ្ឌិត ហុង សុខហួរ។
សូមបញ្ជាក់ថា លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ព្រះរាជទានការលើកលែងទោស ឱ្យមានសេរីភាពឡើងវិញហើយ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយពេលឃុំខ្លួនរយៈពេលជាង២ឆ្នាំ។ ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីលោក ហុង សុខហួរ បានសរសេរលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន ហើយសម្តែងការសោកស្តាយ ចំពោះកំហុសឆ្គងរបស់លោកកន្លងមក ដែលបានបង្ហោះឯកសារព្រំដែនក្លែងក្លាយ ជាហេតុនាំឱ្យមានការភាន់ច្រឡំ ក្នុងមតិសាធារណៈ លើគោលនយោបាយ និងការអនុវត្តកន្លងមករបស់រាជរដ្ឋាភិបាល។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះនូវឯកសារក្លែងក្លាយមួយ ស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រ Facebook របស់លោក សម រង្ស៉ី។ លោកត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស លោក ហុង សុខហួរ ដាក់ពន្ធនាគារ៧ឆ្នាំ ហើយមិនពិន័យជាប្រាក់ទេ។ ក្រោយការកាត់ទោសនេះ លោក ហុង សុខហួរ បានបរាជ័យជាបន្តបន្ទាប់ នៅក្នុងការប្តឹងជំទាស ទៅនឹងការសម្រេចរបស់ សាលាដំបូង រាជធានីភ្នំពេញ។ គិតរហូតមកដល់ពេលនេះ មានរយៈពេលជាង២ឆ្នាំហើយ ដែលលោក ហុង សុខហួរ បានអនុវត្តទោស នៅក្នុងពន្ធនាគារ៕