(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់វិស័យវប្បធម៌ សិល្បៈខ្មែរឲ្យកាន់តែទូលំទូលាយ និងរីកចម្រើនបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជាបានជំរុញ និងគាំទ្រយ៉ាងខ្លាំ ក្នុងការបង្កើតមូលនិធិវប្បធម៌ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយយកមូលនិធិនេះ ទៅជួយដល់សិល្បៈនានា។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ការជំរុញការអនុវត្តវិធានការ៥ចំណុច ដើម្បីលើកស្ទួយវិស័យសិល្បៈ និងភាយន្ដខ្មែរ» នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ថា «មូលនិធិនេះ បានបង្កើតរួចរាល់ហើយ ប៉ុន្ដែមិនទាន់បានដំណើរការ ព្រោះកំពុងជាប់ការអនុវត្តន៍ ប្រមូលពន្ធមួយចំនួន ពីខ្សែភាពយន្ដបរទេសដែលកំពុងចាក់ផ្សាយតាមទូរទូស្សន៍ ហើយនេះក៏ជាប្រភពនៃប្រាក់ចំណូល សម្រាប់ដាក់ក្នុងមូលនិធិនេះ ដូច្នេះយើងបានជំរុញផ្នែកគយ និងពន្ធដារ ក្នុងការអនុវត្តន៍ការប្រមូលពន្ធ ពីខ្សែភាពយន្ដបរទេស»។
លោកស្រីបញ្ជាក់ទៀតថា ក្រោយមូលនិធិនេះ ដំណើរការយើងនឹងអាចជួយដល់សិល្បៈវប្បធម៌បាន។ ក្រៅពីនោះទៀត ក៏មានការលើកលែងពន្ធដារ នូវការនាំចូលសំភារៈ ចំពោះក្រុមហ៊ុនដែលបានគោរពច្បាប់បានត្រឹមត្រូវ និងមានការលើកលែងពន្ធកាត់ទុក ដោយមិនឲ្យបង់រហូតដល់ឆ្នាំ២០១៨ ហើយនេះក៏ជាវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ជាមួយគ្នានោះ លោកស្រី ភឿង សកុណា ក៏បានជម្រាបជូនអំពីគោលបំណង នៅក្នុងសិក្ខាសាលានេះថា ការរៀបចំនេះ ដើម្បីប្រមូលគំនិត និងដំណោះស្រាយ ចំពោះបញ្ហានានាដែលពាក់ព័ន្ធ និងវិស័យភាពយន្ដនៅកម្ពុជានេះ។ កន្លងមកមានវិធានការមួយចំនួន ក្រសួងបានដាក់ចេញ ដូចជាការអនុវត្តន៍នៃការប្រមូលពន្ធ VIP ១០%, ការបង្កើតឡើងនៅមូលនិធិវប្បធម៌ និងឯកសារគតិយុត្ត។
លោកស្រីបន្ដទៀតថា ដើម្បីជំរុញភាពយន្តខ្មែរ ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន កំណត់យកម៉ោងមាស២ម៉ោង គឺចាប់ពីម៉ោង៧ ដល់ម៉ោង៩ យប់ឲ្យមានការចាក់បញ្ចាំងខ្សែភាពយន្តខ្មែរ៕