(ភ្នំពេញ)៖ លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ តាមបែបលទ្ធប្រជាធិបតេយ្យ (​គ.ជ.អ.ប) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ គ.ជ.អ.ប គ្រោងនឹងចំណាយថវិកា ជិត២ពាន់លានដុល្លារទៀត ក្នុងរយៈពេលបីឆ្នាំ ដើម្បីកំណែទម្រង់ថ្នាក់មូលដ្ឋាន។

ការលើកឡើងបែបនេះ របស់លោក ង៉ាន់ ចំរើន បានធ្វើឡើងក្រោយពីបញ្ចប់កិច្ចប្រជុំលើកទី១៤ របស់ គ.ជ.អ.ប នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ដ្រី​ សមាជិក គ.ជ.អ.ប តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាច្រើននាក់ទៀតផងដែរ។

លោក ង៉ាន់ ចំរើន បានបញ្ជាក់យ៉ាងដូច្នោះថា គ.ជ.អ.ប នឹងត្រូវចំណាយថវិកាប្រមាណជាង១៩០០លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងរយៈពេលបីឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ សម្រាប់កំណែទម្រង់ថ្នាក់មូលដ្ឋាន ខណៈការអនុវត្តនាពេលកន្លងទៅពុំទាន់បានសម្រេច ដោយសារបញ្ហាការទទួលខុសត្រូវ ចំពោះថ្នាក់ក្រោមជាតិនោះ។

លោកអនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃរូបនេះ បានបន្ថែមទៀតថា គម្រោងផែនការរបស់ គ.ជ.អ.ប នឹងត្រូវចំណាយថវិកាប្រមាណជិត២ពាន់លានដុល្លារទៀត សម្រាប់កម្មវិធីកំណែទម្រង់របស់ថ្នាក់មូលដ្ឋាន ហើយនឹងកំណែទម្រង់បញ្ហាមួយចំនួនទៀត ដែល គ.ជ.អ.ប បានប្រឈមនាពេលជាង១០ឆ្នាំមកនេះ។

លោក ង៉ាន់ ចំរើន បានបន្តទៀតថា ការអនុវត្តរបស់ គ.ជ.អ.ប រយៈពេលជាង១០ឆ្នាំ កន្លងទៅនេះ គឺជួបបញ្ហាច្រើន នៅតាមមូលដ្ឋាន ជាពិសេសចំពោះការទទួលខុសត្រូវនៃផែនការនីមួយៗ ខណៈពេលដែលថ្នាក់ជាតិ សម្រេចប្រគល់ឲ្យពួកគេធ្វើជាដើមនោះ។ តែយ៉ាងណាក្តី គ.ជ.អ.ប នឹងខិតខំធ្វើយ៉ាងណា កំណែទម្រង់កម្មវិធីនេះ ឲ្យបានសម្រេចជោគជ័យនាពេលខាងមុខ។

លោក ង៉ាន់ ចំរើន ក៏បានបញ្ជាក់ផងដែរថា ចាប់ពីពេលនេះតទៅ គ.ជ.អ.ប នឹងចាប់ផ្តើមរឹតបន្តឹង និងការកែទម្រង់អត្រាបង់ពន្ធ និងការដេញថ្លៃនៅតាមមូលដ្ឋានខណៈការដេញថ្លៃ នាពេលកន្លង ក៏ដូចជាបច្ចុប្បន្ន បានអនុវត្តន៍ដោយពុំមានប្រសិទ្ធភាព ដោយសារតែបញ្ហាការចាំទទួលយកទឹកតែ (ពុករលួយ) ពីភាគីដែលបានដេញថ្លៃឈ្នះជាដើមនោះ៕