(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាង និងហៅហៅបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គឺជារូបភាពនៃការធ្វើចលនាបះបោរបដិវត្តន៍យ៉ាងពិតប្រាកដ។ (សូមស្តាប់ប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន)

សម្ដេចតេជោ ហ៊ុន សែន បានលើកហេតុផលថា ប្រសិនបើត្រឹមគោលបំណងទាមទារប្រាក់ឈ្នួលជូនកម្មករ និងលក្ខខណ្ឌការងារនោះ គ្មានហេតុផលនាំបាតុករធ្វើបាតុកម្មម៉ោង ២រំលងអាធ្រាត្រ ហើយយកនំប៉័ងទៅចែកដើម្បីទទួលទាននោះទេ។

ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ​ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «​កន្លងទៅនេះគេចង់ប្រើប្រាស់បាតដៃកម្មករ ដើម្បីបង្កើតហិង្សានៅផ្លូវវែងស្រេង មើលទៅ មើលឡើងវិញ ហើយប្រៀបធៀបជាមួយប្រទេសនានាដែលបានកើតសភាការណ៍នេះ [...] ឥលូវចោទជាសំនួរមើល ប្រសិនបើគ្រាន់តែទាមទារតម្លើងបៀវត្ស៍ គ្រាន់តែទាមទារលក្ខខណ្ឌការងារតើមានការចាំបាច់​ ធ្វើបាតុកម្មនៅម៉ោង២ភ្លឺទេ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មម៉ោង២ភ្លឺ ហើយយកនំប៉័ងទៅចែកឲ្យស៊ី ដើម្បីឲ្យមានកម្លាំង»

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា បើពេលនោះទុកឲ្យសភាពការណ៍នៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ វារីករាលដាល ពេលនេះកម្មករ កម្មការិនី គ្មានឱកាស​ទទួលការងារនៅទីនេះទេ សង្គ្រាមវានឹងផ្ទុះទូទាំងប្រទេស។

សម្ដេចគូសបញ្ជាក់ថា ព្រោះគ្មានអ្នកណាគេឲ្យយើងមកផ្ដូលគេលេងលេងទេ ច្បាស់ណាស់គឺនឹងមានការៃបក ហើយខ្លួនគេអាចនឹងស្លាប់នៅពេលនោះហើយ ​ព្រោះធម្មតា​គេដាក់ហើយ ប៉ុន្ដែចេះខ្លាចចេះរត់ដែរ ក្នុងន័យនេះសម្ដេចចង់ឲ្យដឹងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាអ្នកដឹកនាំបាតុកម្មនេះ ក្រោយទទួលបរាជ័យបា​ននាំគ្នារត់គេចចេញពីប្រទេសកម្ពុជា ដោយកំពុងជ្រកកោននៅបរទេស។

ប៉ុន្ដែទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន​ បានទប់ស្កាត់ និងបង្ក្រាបនូវសភាពការណ៍បែបនេះ ដោយមិនឲ្យរាលដាលធំនោះឡើយ ព្រោះវាបើសភាពការណ៍នេះរីករាលដាល កម្ពុជាក៏គ្មានសន្ដិភាព ហើយកម្មករក៏មិនទទួលបានប្រាក់ខែច្រើនដូចរាល់ថ្ងៃនេះដែរ។​

ពាក់ព័ន្ធនឹងបញ្ហានេះការចង់បះបោលបដិវត្តន៍នេះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់ មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងផ្លុងតែម្តង។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈម នឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ហើយចៅក្រមស៊ើបសួរ ក៏បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្នផងដែរ៕