(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកា​ ក្នុងឱកាសចុះសួរសុខទុក្ខ​ សិស្សក្រីក្រ​ គ្រូ​ បុគ្គលិក​ ចំនួន​ ១៣៦នាក់​ នៃវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ​ និងចរិតលក្ខណៈ​​ ដែលមានទីតាំងស្ថិតនៅភូមិស្លាបតាអោន​ ឃុំគគីរ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី​ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ និងសូមឱ្យសិស្សទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ បណ្តុះបណ្តាល នៅក្នុងវិទ្យាស្ថាននេះ ត្រូវចេះស្រឡាញ់គ្នា​ សាមគ្គីគ្នា​ ចេះជួយយកអាសារគ្នាទៅវិញទៅមក និងបន្តរក្សាអនាម័យល្អ​ បរិស្ថានស្អាតក្នុងការរស់នៅ ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី​ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ថែមទៀតថា សូមក្មួយៗទាំងអស់​ ត្រូវចេះរស់នៅដោយអត់ធ្មត់​ តស៊ូ​ ប្រឹងប្រែង​​ គោរពវិន័យរបស់វិទ្យាស្ថាន​ គោរពលោកគ្រូអ្នកគ្រូ​ ដែលបានលះបង់កម្លាំងកាយ-ចិត្ត​ ផ្តល់ក្តីស្រឡាញ់​ ភាពកក់ក្តៅដូចជាអាណាព្យាបាល​ និងសូមចារទុកក្នុងដួងចិត្តនូវអនុស្សារវីយ៍ធ្លាប់រស់នៅ​ ក្រេបជញ្ជក់ចំណេះដឹង​ ដើម្បីអនាគតរុងរឿងរបស់ខ្លួន​ ជាពិសេស ត្រូវបំពេញកាតព្វកិច្ចជាកូនល្អ​ មិត្តល្អ​ សិស្សល្អ​ ពលរដ្ឋល្អក្នុងសង្គម​ ជៀសវាងការប្រើប្រាស់គ្រឿងញៀន​ ការប្រព្រឹត្តនូវអំពើអបាយមុខ​ និងសេពគប់មិត្តមិនល្អ​ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។​ ទន្ទឹមនឹងនេះ​ ដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក​ ខាងមុខនេះ​ សូមប្រជាពលរដ្ឋទាំងអស់គោរពច្បាប់​ចរាចរណ៍​ឱ្យបានខ្ជាប់ខ្ជួន​ ប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរ​ និងចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគអេសដ៍​ ជំងឺអេដស៍​ ​ដើម្បីសុភមង្គលក្នុងក្រុមគ្រួសារ។

ជាមួយគ្នានោះ​ លោក ប្រាក់​ ផល្លា​ នាយកប្រតិបត្តិវិទ្យាស្ថាន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកាកបាទក្រហមកម្ពុជា​ ដោយយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខ ផ្តល់ក្តីមេត្តា​ ករុណា​ អាណិត​ ស្រឡាញ់​ ព្រមទាំងបានឧបត្ថម្ភអំណោយដ៏ច្រើនជាងគេបំផុតជាប្រវត្តិសាស្ត្រ​សម្រាប់វិទ្យាស្ថាន​ ដែលនេះជាការផ្តល់ក្តីសង្ឃឹម​មិនចេះរីងស្ងួត ចំពោះប្រជាជនជួបការលំបាកដោយគ្មានការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ សាសនា​ ឬនិន្នាការនយោបាយ​អ្វីឡើយ។

សូមបញ្ជាក់ថា​​ អំណោយប្រគល់ជូនវិទ្យាស្ថានរួមមាន​ ៖​ អង្ករ​ ២តោន​ មីយើង​ ៣០កេស​ ត្រីខ​ ៥កេស​ ទឹកក្រូច​ ១០កេស​ ទឹកសុទ្ធ​ ១០កេស​ ទឹកត្រី​ ២៤ដប​ ទឹកស៊ីអ៊ីវ​ ២៤ដប​ ប្រេងឆា​ ២៤ដប​ និងថវិកា​ ៥លានរៀល។​ ដោយឡែក​ សិស្ស គ្រូ​ និងបុគ្គលិក​ ទទួលបាន​ មុង១​ ភួយ១​ សារុង១​ ក្រមា១​ និងថវិកាមួយចំនួន៕