(ភ្នំពេញ)៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី-វៀតណាម នាថ្មីៗនេះ បានជួយអន្ដរាគមដោះស្រាយបញ្ហា ពលរដ្ឋខ្មែរចំនួន៦នាក់ ឲ្យត្រឡប់មកស្រុកកំណើតវិញ ក្រោយពេលពួកគេ បានចាញ់បោកមេខ្យល់ ទៅប្រទេសទាំងពីរនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញផ្សាយនៅថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០១៧នេះ។

លោក ជុំ សុន្ទវី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានជួយអន្ដរាគមន៍ ពលរដ្ឋខ្មែរ៤នាក់ មានស្រុកកំណើត នៅខេត្តកំពង់ធំ, កំពង់ចាម។ លោក ជុំ សុន្ទវី បានបន្ដថា ពលរដ្ឋខ្មែរទាំង៤នាក់នេះ បានមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញហើយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៧៖៣៥ព្រឹក តាមជើងយន្ដហោះ AK536។

លោក ជុំ សុន្ទវី បានបន្ថែមទៀតថា ចំណែកស្ថានទូតកម្ពុជាប្រចាំវៀតណាម បានជួយអន្ដរាគមន៍ពលរដ្ឋខ្មែរ២នាក់ មានឈ្មោះ ម.ស.ណ ភេទស្រី អាយុ២១ឆ្នាំ រួមនិងកូនប្រុសអាយុ២ខែ បានចាញ់បោកមេខ្យល់ជាស្ដ្រីជនជាតិវៀតណាម នាំធ្វើដំណើរពីភ្នំពេញ ទៅដល់ខេត្តឡាក់សីន បម្រុងយកទៅលក់នៅប្រទេសចិន។ លោកបន្ដថា ម្ដាយនិងកូនទាំង២នាក់នេះ បានមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញហើយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៣៖០០នាទី តាមជើងយន្ដហោះ VN 921។

ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅខាងក្រោមនេះ៖