(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ការរំលាយគណបក្សនយោបាយដែលល្មើសច្បាប់ មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ។ សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការរំលាយគណបក្សនេះមិនថា គណបក្សនយោបាយប្រឆាំង ឬគណបក្សកាន់អំណាចនោះទេ ពោលគឺឲ្យតែធ្វើខុសត្រូវរំលាយចោលទាំងអស់។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
នៅក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ ខណ្ឌប្ញស្សីកែវ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បក្សនយោបាយណាខុស ក៏ត្រូវរំលាយដូចគ្នាដែរ សូម្បីតែបក្សកាន់អំណាចបើធ្វើខុស ក៏ត្រូវរំលាយដូចគ្នា»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកជាឧទាហរណ៍ថា នៅប្រទេសថៃ រំលាយគណបក្សកាន់អំណាចរហូតដល់២ដង ដោយលើកទី១ រំលាយបក្សរបស់អតីត លោក ថាក់ ស៊ីន លើកទី២ រំលាយគណបក្សកម្លាំងប្រជាជន ដោយគ្រាន់តែប្រធានគណបក្សទៅបង្រៀនធ្វើម្ហូបតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រុមមេធាវីនឹងយកពាក្យបណ្តឹងដាក់ចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹង របស់គណបក្សហ្វ៊ុនស៊ិនប៉ិន របស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយជាធរមាន ព្រោះតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។
លុះនៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ៕