(ភ្នំពេញ)៖ ប្រតិបត្តិការចុះបង្រ្កាបទីតាំងឃ្លាំងស្តុកឈើដ៏ធំ នៅខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញ ដែលឃាត់ខ្លួនជនជាតិវៀតណាម២នាក់ និងដកហូតរថយន្ដ៣គ្រឿងនោះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ មន្ដ្រីរដ្ឋបាលព្រៃឈើ បានរកឃើញឈើរហូតដល់ជិត២ពាន់គីឡូក្រាម។

លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ បានថ្លែងប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះថា ក្រោយពីបានបង្រ្កាបពីម្សិលមិញ រហូតដល់ថ្ងៃនេះ មន្ដ្រីជំនាញបានចុះទៅវាស់វែងទីតាំងឃ្លាំងស្តុកឈើខាងលើនេះ។

លោក គាំ សីហា បានបញ្ជាក់ថា ជាលទ្ធផលបានរកឃើញឈើគ្រញូង ចំនួនប្រមាណ ៥៥៨ កំណាត់ស្នើនឹង ១៨៤៣គីឡូក្រាម, ឈើនាងនួន ៣០កំណាត់ ស្នើនឹង ០,៣៧០ម៉ែត្រគីប ឈើធ្នង់ ៥កំណាត់ ស្នើនឹង ០,២៤៥ម៉ែត្រគីប។

សូមបញ្ជាក់ថា ការចុះឆែកឆេរឃ្លាំងស្តុកឈើខាងលើនេះ ដឹកនាំកម្លាំងដោយលោកលោក អ៊ុន វណ្ណារិទ្ធ នាយរងរដ្ឋបាលព្រៃឈើភ្នំពេញ និងមានការចូលរួមពីលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ លោក យឹម សារ៉ាន់ អធិការខណ្ឌ លោក សើន កែវវណ្ណធី មេបញ្ជាការងអាវុធហត្ថខណ្ឌ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក សៀង សុខ។

លោក អ៊ុន វណ្ណារិទ្ធ បានឲ្យដឹងថា ការចុះឆែកឆេរឃ្លាំងស្ដុកខាងលើ ដកហូតរថយន្តក្រុង១គ្រឿង រថយន្តស្ដារិចចំនួន២គ្រឿង និងដកហូតបានឈើប្រណិតចំនួន៣ប្រភេទ រួមមាន៖ ប្រភេទឈើនាងនួន ធ្នង់ និងគ្រញូង ជិត៤តោន ដែលជាឈើសន្លឹក និងកូនក្រឡឹង។

បច្ចុប្បន្ន ជនសង្ស័យជាជនជាតិវៀតណាមទាំង២នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធី៕