(ភ្នំពេញ)៖ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ព្រះរាជទានការលើកលែងទោសដើម្បីដោះលែងឱ្យមានសេរីភាពឡើងវិញហើយ ក្រោយធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងរបស់ខ្លួន។ នេះបើតាម ព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅប៉ុន្មាននាទីមុននេះនារសៀលថ្ងៃនេះ។
នៅក្នុងលិខិតរបស់ លោក ហុង សុខហួរ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំមានសេចក្តីប្រាថ្នាតែម្យ៉ាង ស្របតាមគោលនយោបាយរបស់សម្តេច ដែលសម្តេច បានខិតខំរហូតទទួលបានលទ្ធផលយ៉ាងជោគជ័យកន្លងមក គឺធ្វើយ៉ាងណាឱ្យមានឯកភាពជាតិ ការបង្រួបបង្រួមជាតិ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងរក្សាបានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ការធ្វើដូច្នេះហើយ នាំឱ្យយើងមានភាពងាយស្រួលក្នុងការកសាងជាតិមាតុភូមិឱ្យបានរុងរឿង»។
លិខិតសុំទោសរបស់ លោក ហុង សុខហួរ ក៏បានបន្ថែមទៀតថា «ខ្ញុំមានការសោកស្តាយ ដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះ នយោបាយរបស់ សម្តេច ក្នុងដំណើរការបោះបង្គោលព្រំដែន ដូចជាយកឯកសារមិនត្រឹមត្រូវមកប្រើប្រាស់ក្នុងបញ្ហាព្រំដែន ជាហេតុនាំឱ្យមានការភាន់ច្រឡំ ក្នុងមតិសាធារណៈ លើគោលនយោបាយ និងការអនុវត្តកន្លងមករបស់រាជរដ្ឋាភិបាល»។
លិខិតរបស់ទណ្ឌិត ហុង សុខហួរ បានបន្តទៀតថា «អាស្រ័យហេតុនេះ ខ្ញុំសូមសម្តេចតេជោ មេត្តាពិចារណាដោយសក្តីយោគយល់ ដើម្បីស្នើសុំព្រះមហាក្សត្រប្រោសព្រះរាជទាន លើកលែងទោសដល់រូបខ្ញុំ ឱ្យមានសេរីភាពជួបជុំក្រុមគ្រួសារ និងបានចេញទៅព្យាបាលជំងឺប្រចាំកាយនៅប្រទេសបារាំងដោយក្តីអនុគ្រោះ»។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះនូវឯកសារក្លែងក្លាយមួយ ស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រ Facebook របស់លោក សម រង្ស៉ី។
លោក ហុងសុខហួរ ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស លោក ហុង សុខហួរ ដាក់ពន្ធនាគារ៧ឆ្នាំ ហើយមិនពិន័យជាប្រាក់ទេ។ ក្រោយការកាត់ទោសនេះ លោក ហុង សុខហួរ បានបរាជ័យជាបន្តបន្ទាប់ នៅក្នុងការប្តឹងជំទាស ទៅនឹងការសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញ។
គិតរហូតមកដល់ពេលនេះ មានរយៈពេលជាង២ឆ្នាំហើយ ដែលលោក ហុង សុខហួរ បានអនុវត្តទោស នៅក្នុងពន្ធនាគារ៕