(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្ដប្រកាសស្វាគមន៍ និងទទួលយ៉ាងពេញចិត្តចំពោះអ្នកតំណាងរាស្រ្ត ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងមេឃុំ-ចៅសង្កាត់ និងជំទប់ឃុំ-សង្កាត់ ដែលផ្តាច់ខ្លួនចេញពីគណបក្សសង្គ្រោះជាតិ ក្រោយគណបក្សនេះត្រូវរំលាយ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ (សូមស្តាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន)

ការប្រកាសស្វាគមន៍នេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចុះសួរសុខទុក្ខកម្មករ-កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលសង្កែ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចំនួនអាសនៈរបស់គណបក្សនេះ នឹងត្រូវចែកទៅឲ្យគណបក្សនយោបាយផ្សេងៗ បើក្នុងឃុំ-សង្កាត់នោះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទេ ច្បាស់ណាស់ថា ចំនួនអាសនៈរបស់គណបក្សសង្គ្រោះជាតិ នឹងបានមកគណបក្សប្រជាជនកម្ពុជា ដោយស្វ័យប្រវត្តិ ដល់ពេលនោះ តំណែងមេឃុំ-ចៅសង្កាត់ និងតំណែងជំទប់ឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ នឹងត្រូវបាត់បង់ផងដែរ ដូច្នេះហើយ ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ និងជំទប់ឃុំ-សង្កាត់ ទាំងនោះ បន្តការងារបម្រើប្រជាពលរដ្ឋតទៅទៀត គណបក្សប្រជាជនកម្ពុជា នឹងរៀបចំបញ្ជីឈ្មោះសារជាថ្មី ដើម្បីចុះឈ្មោះមេឃុំ-ចៅសង្កាត់ និងជំទប់ឃុំ-សង្កាត់ ដែលលាចេញពី គណបក្សសង្គ្រោះជាតិ មករួមរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ចូលក្នុងបញ្ជីឈ្មោះមេឃុំ-ចៅសង្កាត់ និងជំទប់ឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជាវិញ។

បន្ថែមលើសពីនេះ សម្ដេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់ បានបន្តប្រកាសស្វាគមន៍ផងដែរ ចំពោះប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ដែលលាលែងពីគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងរបស់ខ្លួនឲ្យស្ថិតនៅដដែល និងបន្តបម្រើប្រជាពលរដ្ឋជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅពេលគណបក្សនយោបាយដែលធ្វើសកម្មភាពក្បត់ជាតិ ក្បត់ប្រជាជនត្រូវបានរំលាយ យើងមិនចង់ឲ្យមានផលប៉ះពាល់ណាមួយ ចំពោះអ្នកដែលមិនដឹងរឿងនោះទេ ដូច្នេះយើងស្វាគមន៍ចំពោះអ្នកតំណាងរាស្ត្រ ដែលបានផ្ដាច់ខ្លួនចេញពីគណបក្សនោះ មកចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា យើងស្វាគមន៍មេដឹកនាំនៃគណបក្សដែលគ្នាមិនបានដឹងអ្វី ហើយទើបនឹងដឹងពីឧបាយកលរបស់មេរបស់ខ្លួន មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន យើងស្វាគមន៍ជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលចង់បន្តការងាររបស់ខ្លួនតទៅទៀត ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា»

សម្ដេចតេជោ ហ៊ុន សែន មេដឹកនាំកំចាត់ជនក្បត់ជាតិ បានបញ្ជាទៅគណៈកម្មាធិការបក្ស គ្រប់ថ្នាក់របស់គណបក្សប្រជាជន ត្រូវអនុវត្តន៍នូវគោលការណ៍ ដែលសម្ដេចបានមានប្រសាសន៍ទាំងអស់នេះ ដោយត្រូវរៀបចំបញ្ជីឈ្មោះសារជាថ្មី ដើម្បីដាក់បញ្ចូលសមាជិកថ្មីៗដែលពួកគាត់បានលាលែងពីគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងត្រូវបញ្ជូនបន្តទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ មានគោលដៅចង់ផ្តន្ទាទោសតែអង្គការចាត់តាំង នយោបាយទាំងឡាយណា ដែលធ្វើសកម្មភាពក្បត់ជាតិ បំផ្លាញសន្តិភាព នាំបដិវត្តពណ៌ចូលក្នុងប្រទេសកម្ពុជា បំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយគោលដៅធំបំផុតនោះ គឺមេដឹកនាំសកម្មភាពដ៏គ្រោះថ្នាក់នេះតែម្ដង មិនចង់ឲ្យមានការប៉ះពាល់ដល់អ្នកនៅខាងក្រោម ហើយមិនដឹងពីឧបាយកលក្បត់នេះនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកស្រោចស្រង់ប្រទេសកម្ពុជារហូតដល់មានសន្តិភាព និងមានការរីកចម្រើននោះ បានហៅការផ្តល់ឱកាសនេះ គឺជាការអនុគ្រោះសម្រាប់សមាជិក គណបក្សសង្រ្គោះជាតិ ដោយស្មោះអស់ពីចិត្ត។ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធានាយ៉ាងម៉ឺងម៉ាត់ចំពោះការរក្សាតំណែង សម្រាប់អ្នកដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕