(កំពង់ធំ)៖ រថយន្តបុកស័រ១គ្រឿង នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានគេសង្កេតឃើញថា បាននិងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពុះ ដោយរលូនចេញពីនៅចំណុចតាឡាំងកួយខាងកើតភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គ្មានសមត្ថកិច្ចណាធ្វើការបង្ក្រាបឡើយ។

ម្ចាស់រថយន្តដឹកឈើខាងលើនេះ ត្រូវបានគេស្គាល់ប្តីឈ្មោះ ហ៊ាវ ហ៊ា ប្រពន្ធឈ្មោះ រីយុ ហ៊ាន់ មានទីលំនៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

នៅពេលធ្វើសកម្មភាពជាក់ស្តែង ដោយប្រើកម្មករជញ្ជូនឈើពុះ លើកដាក់លើរថយន្តម្ចាស់រថយន្តនេះ ក្រុមឈ្មួញបាននិយាយប្រាប់ក្រុមអ្នកកាសែតថា កុំមកសួរនាំទៀតពីព្រោះ ការរកស៊ីដឹកជញ្ជូនឈើរបស់ពួកគាត់ គឺបានបង់ឲ្យគ្រប់សមត្ថកិច្ចជំនាញអស់ហើយ បើចង់ដឹងគេមានទាំងក្រដាសវីងវេរលុយឲ្យទៀតផង។

លោក មៀម ស៊ីតូ នាយសង្កាត់ស្តីទីសណ្តាន់ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅថ្ងៃ២៥ ខែតុលានេះថា ម្ចាស់រថយន្តដឹកឈើនោះ មានខ្នងជាប្រធានការិយាល័យកសិកម្ម ស្រុកសណ្តាន់ និងស្នងការរងនគរបាលខេត្តម្នាក់។

ចំណែកលោក សៅ វ៉ាន្នី នាយផ្នែកទំរីង បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ នៅថ្ងៃដដែលនេះ ឲ្យដឹងដែរថា សកម្មភាពដឹកជញ្ជូនឈើពុះនេះ គឺជាបទល្មើសមិនអាចអត់អោនបានទេ! លោកនឹងមានវិធានការចំពោះកូនចៅរបស់លោក ខណៈមានគេរាយការណ៍បទល្មើស ហើយមិនធ្វើការបង្ក្រាបបែបនេះ។

សូមបញ្ជាក់ថា សកម្មភាពរថយន្តបុកស័រ របស់ឈ្មោះហៀ និងហ៊ាន់ ប្តីប្រពន្ធនេះ ត្រូវបានប្រភពឲ្យដឹងថា តែងតែដឹកជញ្ជូនឈើពុះ ជាប្រចាំរៀងរាល់មួយថ្ងៃ ឫពីរថ្ងៃម្តង ក្នុងមួយលើកៗ ចំនួន១៥០ដុំ ទៅ២០០ដុំ ចេញទៅកាន់ដេប៉ូឈើ ទីប្រជុំជនកំពង់ថ្មស្រុកបារាយណ៍ ខេត្តកំពង់ធំ៕