(កំពង់ធំ)៖ អំពើឃាតកម្មប្លន់បាញ់សម្លាប់ជនរងគ្រោះ ជាម្ចាស់ចំការកៅស៊ូ២នាក់ប្ដីប្រពន្ធ យកអស់ប្រាក់ប្រមាណ៥ម៉ឺនដុល្លារ យ៉ាងសាហាវព្រៃផ្សៃ នៅស្រុកសន្ទុកនោះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខេត្តកំពង់ធំ ចាប់បានជនសង្ស័យ៣នាក់ហើយ, នេះបើតាមលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយចាប់ជនសង្ស័យទាំង៣នាក់នេះ កម្លាំងនគរបាលជំនាញរបស់លោក ក្រោមការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បាននិងកំពុងសួរនាំបន្ដ ដោយការសង្ស័យជំហានដំបូងនេះ អាចជាករណីប្លន់ច្រើនជាង ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កម្លាំងជំនាញរបស់លោកនឹងស្រាវជ្រាវបន្ដទៀត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនទី១៖ឈ្មោះ អៀង ពន អាយុ៤៣ឆ្នាំ រស់នៅភូមិព្នៅ ឃុំទ្រៀល ស្រុកបារាយណ៍, ទី២៖ឈ្មោះ ប៉ុន រ៉ុង អាយុ២៦ឆ្នាំ រស់នៅភូមិភ្នំ ឃុំចំការអណ្តូង ស្រុកចំការលើ និងទី៣៖ឈ្មោះ ប៉ុន ចាន់ដា ហៅត្រា អាយុ២៤ឆ្នាំ រស់នៅភូមិភ្នំ ឃុំចំការអណ្តូង ស្រុកចំការលើ។ ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ បានធ្វើឡើងចំថ្ងៃបុណ្យសព ជនរងគ្រោះរយៈពេល៧ថ្ងៃតែម្តង។
សូមជម្រាបថា ករណីនេះឃាតកម្មនេះ បានកើតឡើងនៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយឃាតកដៃឆៅមួយក្រុមបាញ់សម្លាប់ជនរងគ្រោះ២ យ៉ាងសាហាវព្រៃផ្សៃបំផុត ខណៈដែលជនរងគ្រោះទាំង២នាក់ កំពុងបើករថយន្ដចេញពីរោងចក្រកែច្នៃកៅស៊ូ ដោយក្នុងនោះបាត់បង់ប្រាក់អស់ប្រមាណ ៥ម៉ឺនដុល្លារ៕