(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានយកអាវរងាជិត៥០០០អាវ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនកងទ័ពកំពុងឈរជើងនៅតាមលំហរសមុទ្រនៅទីបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាម និងបញ្ជាការដ្ឋានការពារកោះឆ្នេរ។

ដំណើរចុះចែកអាវរងាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផ្សេងទៀត។

ក្នុងពេលនាំអាវរងាទៅចែកកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាននៅតាមលំហរសមុទ្រនេះ នាយឧត្តមសេ នីយ៍ គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការយកចិត្តទុកដាក់ទៅលើជីវភាពកងទ័ពពីសំណាក់សម្តេចទាំងពីរផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅ និងតែងជំរុញដោះស្រាយរាល់បញ្ហារបស់បងប្អូនកងទ័ពរបស់យើង។ ក្រៅពីការដំឡើងប្រាក់បៀវត្សរ៍ជូនបងប្អូនកងទ័ពយើងជារៀងរាល់ឆ្នាំហើយនោះ សម្តេចក៏តែងតែផ្តល់អាវភ្លៀងនៅរដូវភ្លៀង និងផ្តល់អាវរងានៅរដូវរងា»

ក្រៅពីការបង្ហាញនូវការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះសុខទុក្ខ និងជីវភាពរបស់កងទ័ព ហើយ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកបង្ហាញពីការប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលទាមទារឲ្យកងទ័ពត្រូវរួមគ្នាថែរក្សា និងការពារឲ្យបាននូវសមិទ្ធផលទាំងអស់នេះ ដោយមិនត្រូវឲ្យជនបះបោរ ទាំងឡាយមកបំផ្លាញនោះឡើយ។

នៅចំពោះមុខកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជារាប់ពាន់នាក់នេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលាតត្រដាង និងលើកបង្ហាញពីទង្វើក្បត់ជាតិរបស់លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បង្កការបះបោរបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើត ចេញពីការបោះឆ្នោតផងដែរ។

មេទ័ពដែលតែងតែបានចុះជាប់ជាប្រចាំជាមួយកងទ័ពការពារទឹកដីដ៏មានឥទ្ធិពលរូបនេះ បានគូសបញ្ជាក់ថា «លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិទាំងមូលបានឃុបឃិតជាមួយសហរដ្ឋអាមេរិក ដោយបានរៀបចំផែនការជាច្រើន ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ទង្វើក្បត់ជាតិរបស់ កឹម សុខា និងគណបក្សសង្រ្គោះជាតិ គឺជាកំហុសក្បត់ជាតិដ៏ធ្ងន់ធ្ងរបំផុត ដែលច្បាប់របស់កម្ពុជាមិនអាចលើកលែងឲ្យបានឡើយ»។

នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិចោល គឺជាវិធានដ៏ចាំបាច់បំផុតក្នុងការរក្សាសុខសន្តិភាពសម្រាប់ជាតិ និងសេចក្តីសុខសម្រាប់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ គន់ គីម លើកឡើងថា សុខសន្តិភាពដែលកំពុងមានវត្តមាននៅកម្ពុជានេះ គឺរកមកបានដោយលំបាក និង មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះនាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការ ពារសុខសន្តិភាព និងស្ថេរភាពនៅក្នុងសង្គម ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានប្តេជ្ញាខ្ពស់ក្នុងការការពាររាជរដ្ឋាភិបាល និងប្រឆាំងជាមួយទង្វើក្បត់ជាតិរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំង៕