(ភ្នំពេញ)៖ នាយទាហានជាន់ខ្ពស់ ក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៥ កងទ័ពជើងគោក និងអង្គភាពចំណុះចំនួន ៤៨នាក់ ត្រូវបានព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ សម្រេចផ្តល់មុខងារ និងដំឡើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ ថ្នាក់ឧត្តមសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ឯក ដែលនាយទាហានទាំងអស់ធ្លាប់បានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា នាពេលកន្លងមក។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅទីបញ្ជាការយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ និងដំឡើងឋានន្តរសក្តិនាយទាហានក្នុងកងយុទ្ធពលខេមរភូមិន្ទ រួមមាន៖
* លោកឧត្តមសេនីយ៍ទោ អេង ហុង ជាមេបញ្ជាការរងយោធភូមិភាគទី៥។
* លោកឧត្តមសេនីយ៍ទោ សាន្ត សត្ថា មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី៥។
* លោកឧត្តមសេនីយ៍ទោ ប្រាក់ សោភ័ណ្ឌ មេបញ្ជាការរងយោធភូមិភាគទី៥។
* លោកឧត្តមសេនីយ៍ទោ តាន់ សុភាព មេបញ្ជាការរងយោធភូមិភាគទី៥។
* លោកឧត្តមសេនីយ៍ទោ អ៊ឹម សាវុន មេបញ្ជាការរងយោធភូមិភាគទី៥។

ក្រៅពីនេះ ព្រះរាជក្រឹត្យ និងសេចក្តីប្រកាសក៏បានសម្រេចដំឡើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន៤រូប ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន២រូប ថ្នាក់វរសេនីយ៍ឯក ចំនួន២០រូបទៀត ជាមួយនឹងការបំពាក់ឋានន្តរសក្តិ ពីសំណាក់នាយឧត្តមសេនីយ៍ មាស សុភា ផងដែរ។

លោកមេបញ្ជាការបានបញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរមុខងារ និងការដំឡើងឋានន្តរសក្តិជូននាយទាហាន នាពេលនេះ គឺស្របពេលដែលប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនជាលំដាប់ កងយុទ្ធពលខេមរភូមិន្ទក៏បាននិងកំពុងទម្រង់កងកម្លាំងរបស់ខ្លួនឲ្យមានទាំងបរិមាណ និងគុណភាព សមត្ថភាព ក្នុងការចូលរួមបំពេញភារកិច្ចការពារសណ្តាប់ធ្នាប់សង្គម ពិសេសចូលរួមជួយដល់រាជរដ្ឋាភិបាល ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។

នាយឧត្តមសេនីយ៍ មាស សុភា ក៏បានលើកឡើងពីសភាពការណ៍ថ្មីៗនៅកម្ពុជា បកស្រាយពន្យល់ដល់នាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៥ កងទ័ពជើងគោក ឲ្យយល់កាន់តែច្បាស់ ពិសេសផ្តោតសំខាន់ទៅលើព្រឹត្តិការណ៍នៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងឈានទៅដល់ការរំលាយគណបក្សមួយនេះ ដោយសារតែបានឃុបឃិតជាមួយបរទេស នាំបដិវត្តពណ៌មកអនុវត្តនៅកម្ពុជា។

លោកនាយឧត្តមនីយ៍បានបញ្ជាក់ថា ការចាប់ខ្លួនលោក កឹម សុខា បានផ្អែកទៅលើភស្តុតាងជាក់ស្តែង គឺការថ្លែងរបស់លោកនៅប្រទេសអូស្ត្រាលី ដែលត្រូវបានទូរទស្សន៍ CBN ផ្សព្វផ្សាយពីសម្ដីរបស់លោក ក្នុងការអនុវត្តទៅតាមការបង្គាប់បញ្ជារបស់បរទេស រៀបចំចាត់តាំងអនុវត្តផែនការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដោយយកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ដោយជ្រកក្រោមទិសស្លោកនយោបាយ «ការផ្លាស់ប្តូរជាវិជ្ជមាន» និងក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។

នាយឧត្តមសេនីយ៍ មាស សុភា បានជុំរុញឲ្យនាយទាហានដែលទើបត្រូវបានព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ សម្រេចផ្តល់មុខងារ និងដំឡើងឋានន្តរសក្តិទាំងអស់នេះ ឲ្យខិតខំបំពេញការងារបន្តទៀត ពិសេសត្រូវគោរពឲ្យបាននូវក្រឹត្យវិន័យ និងបទបញ្ជារបស់កងយុទ្ធពលខេមរភូមិន្ទ ត្រូវចេះសាមគ្គីផ្ទៃក្នុងរវាងមិត្តរួមការងារ និងមិត្តរួមអាវុធឲ្យបានល្អ ពិសេសគោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជា និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាឲ្យបានគង់វង់ និងរីកចម្រើន៕