(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» ជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន១៦៥នាក់ មកពីអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យ។

ថ្លែងក្នុងពីបើកវគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣នេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺរួមចំណែកពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងជូនមន្ត្រីរាជការ សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ពិសេសស្វែងយល់ពីប្រព័ន្ធថវិកាថ្មី ដែលមានគោលដៅផ្ទេរសិទ្ធិអំណាច នៃការអនុវត្តថវិកាពីក្រសួងសេដ្ឋកិច្ច្ និងហិរញ្ញវត្ថុទៅក្រសួង ស្ថាប័នពាក់ព័ន្ធ និងការផ្ទេរអំណាចផ្ទៃក្នុងក្រសួងនីមួយៗ ទៅតាមអង្គភាពថវិកាជាបណ្តើរៗ និងការផ្ទេរអំណាចអនុវត្តថវិកាទាំងស្រុងទៅអង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធិ។

លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ ជាការត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តការងារតាមនីតិវិធី ខណៈដែលអង្គភាពថវិកាថ្នាក់កណ្តាលរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង របស់ទីស្តីការគណៈរដ្ឋមន្ត្រីនឹងត្រូវចូលរួមអនុវត្តថវិកា កម្មវិធីពេលលេញសាកល្បងនៅឆ្នាំ២០១៨ ខាងមុខនេះ។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ការអនុវត្តកម្មវិធីការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៣ មានគោលដៅបង្កើនការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល បន្ទាប់ ពីទទួលបានជោគជ័យគួរជាទីមោទនៈដោយកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា នៅដំណាក់កាលទី១ និងគណនេយ្យភាព ហិរញ្ញវត្ថុ នៅដំណាក់កាលទី២។

«ភាពជោគជ័យទាំងនេះ គឺជាបច្ច័យអនុគ្រោះ ដែលបានធ្វើឱ្យកម្ពុជាអាចដោះស្រាយ និង ទប់ទល់បានដោយជោគជ័យនូវឧបសគ្គធំៗជាច្រើននាពេលកន្លងមក ដូចជាផលប៉ះពាល់ពីកំណើនតម្រូវការចំណាយសាធារណៈ, តម្រូវការអន្តរាគមន៍ក្នុងវិស័យសង្គម-សេដ្ឋកិច្ច និង គ្រោះមហន្តរាយធម្មជាតិជាដើម។ លើសពីនេះ រាជរដ្ឋាភិបាលថែមទាំងមានអតិរេកសាច់ប្រាក់ ដែលផ្តល់លទ្ធភាពដល់ការបន្តដំឡើងប្រាក់បៀវត្ស ជូនមន្រ្តីរាជការ, គ្រូបង្រៀន, គ្រូពេទ្យ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, និវត្តជន និងបង្កើនថវិកាសម្រាប់ការចំណាយវិនិយោគសាធារណៈ លើវិស័យអាទិភាពសំខាន់ៗដូចជា អប់រំ និង សុខាភិបាល ជាដើម ត្រូវបានពង្រីកវិសាលភាព និងជួយលើកកម្ពស់គុណភាពសេវាសាធារណៈ ជូនបងប្អូនប្រជាជនបានកាន់តែប្រសើរឡើង»។ លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់។

លោករដ្ឋលេខាធិការ បានបន្ថែមថា ក្នុងស្មារតីនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែងបានប្រឹងប្រែង និង ជំរុញលើកទឹកចិត្តដល់ការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្ត្រីទទួលបន្ទុកការងារហិរញ្ញវត្ថុ។ ជាក់ស្តែងនៅឆ្នាំ២០១៦កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងអនុវត្តការបណ្តុះបណ្តាលបានចំនួន៤៤វគ្គ និងមានសិក្ខាកាមជាមន្រ្តីរាជការជំនាញ, ថ្នាក់ដឹកនាំជំនាញ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងស្ថាប័នចំនួន ៣៥៣០នាក់ បានទទួលការបណ្តុះបណ្តាល។

លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់ទៀតថា ជារួមទោះបីជាមានកិច្ចខិតខំដូចនេះ ក៏ក្នុងការអនុវត្តជាក់ស្តែងផ្អែកតាមបទពិសោធន៍ក្នុងឆ្នាំ២០១៥-២០១៦ បញ្ជាក់ថា អង្គភាពថវិកានៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹងសមត្ថភាព និង ការយល់ដឹងរបស់មន្រ្តីរាជការដែលចូលរួមអនុវត្តកិច្ចការនេះ។ ក្នុងនោះមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងនីតិវិធី​ នៃការអនុវត្តថវិកាកម្មវិធី នេះតែម្តង និង ធ្វើឱ្យអង្គភាពថវិកានៃក្រសួង ស្ថាប័ន មានការលំបាក និងយឺតយ៉ាវនៅក្នុងដំណើរការអនុវត្តថវិកា កម្មវិធីរបស់ខ្លួន ហើយក៏ជាបច្ច័យធ្វើឱ្យរអាក់រអួលដល់ដំណើរការអនុវត្តសកម្មភាពការងារនៃ គម្រោងកម្មវិធីមួយចំនួនរបស់ខ្លួន។ ដូច្នេះវគ្គបណ្ដុះបណ្ដាលនៅពេលនេះ នឹងជួយឱ្យមន្រ្តីរាជការគោលដៅបានត្រៀមលក្ខណៈសម្បត្តិបានសមស្របសម្រាប់ការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យសម្រេចបានលទ្ធផលតាមការគ្រោងទុក និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតាមតម្រូវការរបស់អង្គភាពរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព, សង្គតិភាព និងផលិតភាពនៃការប្រើប្រាស់ថវិកាជាតិ ស្របតាមគោលបំណងគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល។

លោករដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបន្តកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលថែមទៀត តាមសេចក្តីត្រូវការជូនមន្រ្តីរាជការ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន លើជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ សម្រាប់រួមចំណែកពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងឱ្យបានគ្រប់គ្រាន់ និង សមស្រម ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ៕