(ភ្នំពេញ)៖ មុខសញ្ញាដែលតែងធ្វើសកម្មភាព លួចឥវ៉ានយ៉ាងសកម្មនៅម្ដុំផ្សារអូឬស្សី ដែលធ្វើឲ្យម្ចាស់ទំនិញទឹកភ្នែកនោះ ត្រូវអស់ល័ក្ខដោយកម្លាំងនគរបាលប៉ុស្ដិ៍អូរឬស្សីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចាប់បាននៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃអស់ល័ក្ខនេះជនសង្ស័យជាស្ដ្រី ដែលតែងខ្លួនប្រុសនេះ បានទៅលុយពីក្នុងរថយន្ដតាក់ស៊ីដែលឈប់នៅបេនឡានអូរឬស្សី ស្រាប់តែជនសង្ស័យ លួចពីក្នុងរថយន្ដនោះបានសម្រេច ហើយជិះម៉ូតូរត់គេចខ្លួន ប៉ុន្ដែស្របពេលនេះកម្លាំងនគរបាលប៉ុស្ដិ៍អូរឬស្សី១ កំពុងល្បាតមកដល់ ក៏បានបើកម៉ូតូដេញបុកម៉ូតូជនសង្ស័យតែម្ដង។

ប៉ុន្ដែទម្រាំតែជនសង្ស័យត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន មានជនរងគ្រោះមិនតិចនោះទេ ដែលរងគ្រោះដោយសារជនសង្ស័យរូបនេះ។

ជាក់ស្ដែងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចការី 555 មួយប៉ិច ដែលមានតម្លៃជិត៦០០ដុល្លារ ពីលើរថយន្ដដឹកទំនិញមួយគ្រឿង នៅជិតភោជនីយ៍ដ្ឋានរហាត់លាភមួយ ក្នុងសង្កាត់វាលវង់ បានសម្រេចដោយសុវត្ថិភាព ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងផងដែរ។

ជនសង្ស័យឈ្មោះ សាយ គីមនី អាយុ២៨ឆ្នាំ ភេទស្រី តែងខ្លួនជាប្រុស រស់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ម៉ូតូដែលជិះធ្វើម៉ាក Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CH-3392។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់វិធានការបន្ដ៕