(ក្រចេះ)៖​ កម្លាំងសមត្ថកកិច្ចចម្រុះដឹកនាំដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្រ្កាបរថយន្តដឹកឈើខុសច្បាប់ចំនួន០៥គ្រឿង នៅចំណុចវត្តបុស្សលាវ ក្នុងភូមិព្រែកតាអាំ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះថា កម្លាំងសមត្ថកិច្ចចំរុះរួមមាន៖ រដ្ឋបាលព្រៃឈើកន្ទួត រដ្ឋបាលព្រៃឈើថ្មក្រែ កម្លាំងយោធាខេត្ត និងកម្លាំងនគរបាលស្រុកចិត្របុរី។

បើតាមសមត្ថកិច្ច រថយន្ដសាំងយ៉ុងដឹកឈើល្មើសច្បាប់ទាំង៥គ្រឿងនេះ ដឹកចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ រួចបន្តទៅលក់នៅត្បូងឃ្មុំ និងខេត្តព្រៃវែងដែលតែងតែបើកបរបង្កភាពភយ័ខ្លាចដល់ប្រជាពលរដ្ឋ ធ្វើដំណើរស្ទើរតែរៀងរាល់យប់។

លោក ឃ្លាំង ណារត្ន័ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឲ្យដឹងថា រថយន្ដទាំង៥គ្រឿងនោះ ដឹកឈើប្រភេទលេខ១ និងលេខ២ ហើយកម្លាំងនាំយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើកូនខ្សា ដើ​ម្បីវាស់វែង និងចាត់វិធានការតាមផ្លូវច្បាប់រដ្ឋបាលព្រៃឈើ៕