(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាជាលើកទី២ ដើម្បីកោះហៅព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក មឿន តុលា និងលោក ប៉ា ងួនទៀង ឱ្យចូលបំភ្លឺ ជុំវិញករណីបាត់បច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី អំឡុងពេលអ្នកទាំង៣ ធ្វើជាគណៈកម្មការបុណ្យសព។ នេះបើតាមដីកោះហៅរបស់ព្រះរាជអាជ្ញារង គុជ គឹមឡុង ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក មឿន តុលា និងលោក ប៉ា ងួនទៀង ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ឲ្យចូលបំភ្លឺនៅអំឡុង ថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១៧ ម្តងរួចទៅហើយ ពាក់ព័ន្ធការគ្រប់គ្រងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត ក្រោយពីមានបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានរៃអង្គាសថវិកា ដើម្បីជួយចូលរួម សាងសង់ចេតីយ៍ លោកបណ្ឌិត កែម ឡី កន្លងទៅនេះ។

ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីមានដីកាកោះហៅលើកទី១នេះ អ្នកទាំង៣ មិនបានចូលខ្លួនតាមការកំណត់នោះទេ ដោយលោក មឿន តុលា និងលោក ប៉ា ងួនទៀង បានដាក់ពាក្យសុំពន្យារពេល ក្រោមហេតុផលពុំមានពេលវេលាគ្រប់គ្រាន់ និងពិភាក្សាពិគ្រោះយោបល់ទៅលើដំណើររឿង ដែលត្រូវចូលបំភ្លឺ ជាពិសេសមិនទាន់ពិនិត្យមើលទៅលើឯកសារពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ចំណែក ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលអវត្តមាននៅ កម្ពុជាជាច្រើនខែនោះ គេពុំឃើញដាក់ពាក្យពន្យារពេលសុំបំភ្លឺនោះឡើយ។

បើតាមលោក ពេជ្រ ស្រស់ ដែលជាម្ចាស់បណ្តឹងនេះ បានចោទថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ , លោក មឿន តុលា និង លោក ប៉ា ងួនទៀង ដែលជាគណៈកម្មការចាស់នៃបុណ្យសព លោក កែម ឡី បានធ្វើឱ្យបាត់បច្ច័យរបស់ប្រជាពលរដ្ឋ និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលបានចូលរួមដើម្បីសាងសង់ចេតីយ៍​ លោក កែម ឡី។ លោកចាត់ទុកថា កាត់បាត់បច្ច័យ ដោយពុំបានសាងសង់ចេតីយ៍ លោក កែម ឡី ឱ្យបានរួចរាល់នោះ គឺបង្កើតនូវរឿងអយុត្តិធម៌ សម្រាប់ក្រុមគ្រួសារសព និងអ្នកចូលរួមបច្ច័យទាំងអស់។ ដូច្នេះលោកសម្រេចដាក់ពាក្យប្តឹង ដើម្បីឱ្យតុលាការ ផ្តល់យុត្តិធម៌ ដល់អ្នកចូលបុណ្យសព និងដើម្បីភាពស្អាតស្អំសង្គម កុំឲ្យតម្លៃព្រះពុទ្ធសាសនា ធ្លាក់ចុះតាមរយៈបុគ្គល ឆ្លៀតឱកាសមួយចំនួន»៕