(ក្រចេះ)៖ កម្ពុជាបច្ចុប្បន្ននេះ ត្រូវការធនធានមនុស្ស ដែលទទួលបានការបណ្តុះបណ្តាលជំនាញច្បាស់លាស់ ដើម្បីពួកគេអាចបម្រើការងារ នៅតាមវិស័យមួយចំនួន ដែលជាតម្រូវការរបស់ប្រទេស។ ជំនាញទាំងនោះមានដូចជាការជួសជុលម៉ូតូ ការងារសំណង់ ការងារតបណ្តាញអគ្គិសនី របៀបធ្វើម្ហូប និងការងារបដិសណ្ឋាកិច្ច នៅតាមភោជនីដ្ឋាន និងសណ្ឋាគារជាដើម។
យុវជន កុំ ផល្លា អាយុ១៦ឆ្នាំ មកពីភូមិក្បាលកោះ សង្កាត់កោះទ្រុង ក្រុងក្រចេះ បាននិងកំពុងរៀនផ្នែកជួសជុលម៉ូតូ បានប្រមាណ៥ខែហើយ ក្រោមការជួយឧបត្ថម្ភ របស់កម្មវិធីអភិវឌ្ឍជំនាញ (SDP) ដែលទទួលបានជំនួយពីអង្គការ Swisscontact ក្រោមជំនួយរបស់ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ កម្មវិធីអភិវឌ្ឍន៍ជំនាញ។
យុវជន ផល្លា ដែលមិនដែលបានចូលរៀន តាំងពីតូចមក បានឲ្យដឹងថា ខ្លួនបានទទួលព័ត៌មានពីមេភូមិ អំពីការបណ្តុះបណ្តាលនេះ ហើយក៏ចាប់អារម្មណ៍ និងបានមកចុះឈ្មោះចូលរៀន នៅក្នុងខេត្តក្រចេះ។
យុវជន ផល្លា បញ្ជាក់ថា កម្មវិធីនេះល្អ ដោយអ្នកចូលរៀនមិនត្រូវចំណាយថវិកាអ្វីនោះទេ គឺកម្មវិធីចេញថ្លៃសិក្សាឲ្យ ផ្គត់ផ្គង់ការហូបចុក និងស្នាក់នៅជាដើម។ យុវជនរូបនោះបានបន្ថែមថា រហូតមកដល់ពេលនេះ លោកទទួលបានចំណេះដឹងច្រើន ទាក់ទងនឹងការជួសជុលម៉ូតូនេះ។
យុវជនរូបនេះនិយាយថា៖ «ពីមុនខ្ញុំនៅផ្ទះហ្នឹង ហើយគ្មានការងារធ្វើទេ មិនមានលុយទៅរៀននៅសាលាអីទេ ខ្ញុំអត់ចេះ មិនដឹងអាចទៅធ្វើអ្វីបានទេ តែឥឡូវខ្ញុំចេះច្រើន ខ្ញុំអាចជួយជួសជុលម៉ូតូបាន ប៉ះកង់ក៏បាន ដូរគ្រឿងបន្លាស់ម៉ូតូឲ្យម៉ូយបានដែរ»។
ចំណែកយុវតី ជឹង សូនី អាយុ១៩ មកពីភូមិជ្រួយបន្ទាយ ស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ បានចូលរៀនវគ្គផ្នែកបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយបានសិក្សារយៈពេល៤ខែហើយរហូតមកដល់ពេលនេះ ក្រោមការជួយឧបត្ថម្ភរបស់អង្គការ Swisscontact ដូចគ្នា។
សូនី ដែលរៀនបានត្រឹមថ្នាក់ទី៦ បាននិយាយថា៖ «ខ្ញុំគិតថាវគ្គហ្នឹងល្អ ជាពិសេសសម្រាប់អ្នកលើកម្ហូបអាហារ និងភេសជ្ជៈដូចខ្ញុំចឹង ព្រោះអីពីដំបូងឡើយ ខ្ញុំចេះតែធ្វើៗ គ្មានណាបង្រៀនទេ។ ហើយម៉្យាងទៀត ខ្ញុំមិនចេះអក្សរចឹង មិនដឹងទៅរៀននៅណាទេ។ តែឥឡូវ ខ្ញុំចេះច្រើន និយាយទៅគឺដឹងថាអ្វីគួរធ្វើដើម្បីផ្តល់សេវាកម្មជូនភ្ញៀវ ឲ្យគេពេញចិត្ត ហើយលើកក្រោយមកញាំទៀត»។
ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញ ដែលទទួលបានការឧបត្ថម្ភ ដោយអង្គការ Swisscontact យុវជនជិត៩០០នាក់ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ នឹងត្រូវជ្រើសរើស ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃ សម្រាប់ការបណ្តុះបណ្តាលលើកទីពីរ នៅពេលខាងមុខ។
កម្មវិធីអភិវឌ្ឍន៍ជំនាញ មានគោលបំណងជួយបង្កើនប្រាក់ចំណូល និងផ្តល់ឱកាសការងារដល់ជនរងគ្រោះនៅក្នុងខេត្តទាំងបី ព្រមទាំងជួយបង្កើតឲ្យមានប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាព ស្របតាមតម្រូវការទីផ្សារ និងមានយន្តការសម្របសម្រួល ច្បាស់លាស់ទូទាំងប្រទេស។
កម្មវិធីរបស់អង្គការនេះ នឹងជ្រើសរើសយុវជនប្រមាណ៣០០នាក់ ក្នុង១ខេត្តៗ ពីខេត្តចំនួន៣នេះ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនៅឆ្នាំ២០១៨ ខាងមុខនេះ។ នេះជាឆ្នាំទី២ហើយនៃការអនុវត្តកម្មវិធីរបស់អង្គការរយៈពេល១២ឆ្នាំ សម្រាប់ការបណ្តុះបណ្តាលជំនាញនេះ។
ជំនាញដែលត្រូវបណ្តុះបណ្តាល មានដូចជាការដេរសម្លៀកបំពាក់ ការជួសជុលម៉ូតូ សម្អាងការ ជំនាញខាងអគ្គិសនី ការជួសជុលម៉ាស៊ីនធន់តូច ជាងផ្សាដែក ការកែច្នៃម្ហូបអាហារ ការបម្រើម្ហូបអាហារ រៀបចំបន្ទប់ និងទទួលភ្ញៀវនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាដើម។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៦ខែ ដោយផ្តោតលើការសិក្សាទ្រឹស្តីនៅក្នុង មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការចុះអនុវត្តផ្ទាល់តាមសហគ្រាសឯកជន។
អភិបាលរងក្រចេះ លោក ជាក់ ម៉េងហ៊ាង បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលជំនាញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះថា ខេត្តក្រចេះ ត្រូវការជំនាញវិជ្ជាជីវៈច្រើន ដើម្បីជួយបំពេញតម្រូវការក្នុងខេត្ត។ លោកបន្តថា តាមការបណ្តុះបណ្តាលកន្លងទៅ អ្នកខ្លះបានចុះទៅធ្វើការនៅតាមភោជនីដ្ឋាន និងសណ្ឋាគារមួយចំនួន។
លោកអភិបាលរងខេត្ត បានជំរុញឲ្យយុវជន ដែលបោះបង់ការសិក្សា មកចូលរៀនវគ្គបណ្តុះបណ្តាលជំនាញនេះ ដើម្បីឲ្យពួកគេមានមុខរបរទៅថ្ងៃមុខ។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់យុវជនទាំងអស់ ដែលនៅតាមសាលារៀន ឬមួយនៅតាមផ្ទះ ដែលគាត់បញ្ចប់ការសិក្សាហើយ សុំឲ្យខិតខំស្វែងរកនូវកិច្ចការងារធ្វើ និងជួសជុល ហើយខាង SDP នឹងផ្សព្វផ្សាយនូវវគ្គបន្ត បើមានឲ្យគាត់មកចូលរួម មករៀនសូត្រជាមួយកម្មវិធីរបស់ SDP នេះ»។
លោកក៏បានស្នើឲ្យ មានការបណ្តុះបណ្តាល លើជំនាញផ្សេងទៀត ដែលលោកមើលឃើញថា ជាតម្រូវការរបស់ខេត្ត រួមមានការរៀបប្រព័ន្ធទឹកនៅក្នុងបន្ទប់ទឹក និងផ្នែកម៉ាស្សាជាដើម។
លោក ញ៉ឹប ម៉េងជាង ប្រធានផ្នែកគាំទ្រផ្នែកគោលនយោបាយ របស់អង្គការ Swisscontact បានលើកឡើងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ធ្វើឡើងស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិ សម្រាប់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបន្តថា ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ មានយុវជនដែលរងគ្រោះច្រើន ហើយបោះបង់ការសិក្សា មុនថ្នាក់ទី១២ ដែលពិបាកក្នុងការស្វែងរកការងារធ្វើ។
លោកបញ្ជាក់ថា នេះជាឱកាសមួយសម្រាប់យុវជន ដើម្បីសិក្សាជំនាញមួយច្បាស់លាស់ សម្រាប់អាជីពទៅថ្ងៃខាងមុខ។
លោកមានលើកឡើងថា៖ «ក្នុងជំនាញនីមួយៗ នឹងមានការបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈ ដើម្បីឲ្យយុវជនទទួលបានជំនាញមួយ ដែលអាចប្រកបរបរអាជីវកម្មបាន»។
បើតាមអង្គការ Swisscontact ការចាប់ផ្តើមជ្រើសរើសយុវជនចូលរៀននឹងធ្វើឡើង នៅក្នុងខែធ្នូ ឆ្នាំ២០១៧។ បេក្ខជនដែលអាចចុះឈ្មោះ បានត្រូវមានអាយុពី១៥ឆ្នាំទៅ៣០ឆ្នាំ មកពីគ្រួសារក្រីក្រ បោះបង់ចោលការសិក្សានៅថ្នាក់ទាប និងរស់នៅក្នុងខេត្តទាំងបី។ បេក្ខជនអាចទាក់ទងមកមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តនីមួយៗ ដើម្បីទទួលបានព័ត៌មានបន្ថែមពីការចូលរៀន៕