(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការប្រឆាំងការសម្អាតប្រាក់ជាការងារបន្ទាន់ និងចាំបាច់បំផុតសម្រាប់កម្ពុជា ដោយភាគីអង្គភាពប្រឆាំងអំពើពុករលួយ បានសហការជាមួយធនាគារពិភពលោក ខិតខំស្វែងរកវិធីសាស្ត្រ ក្នុងការប្រឆាំងការ បោសសម្អាតប្រាក់ ជាពិសេសការរួមម្លាំងគ្នាលើការស៊ើបអង្កេត ដើម្បីចាប់ឲ្យបានជនល្មើសបញ្ជូនទៅតុលាការ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែងបែបនេះក្នុងកាស លោកអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការប្រឆាំងការលាងប្រាក់ដើម្បីប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែលរៀចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា សហកាជាមួយធនាគារពិភពលោក ដោយមានការចូលរួមពីសំណាក់មន្ត្រី ពាក់ព័ន្ធយ៉ាងច្រើនកោះករ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ។

លោក ឱម យ៉ិនទៀង បានថ្លែងបញ្ជាក់ថា «អង្គភាពប្រឆាំងអំពើពុករលួយ នឹងព្យាយាមស៊ើបអង្កេតចាប់ជនល្មើស ទោះបីព័ត៌មានមានការលំបាកទទួលបានក្តី ក៏ប៉ុន្តែត្រូវខិតខំស្វែងរកឲ្យ បាននូវភស្តុតាងច្បាស់លាស់ និងគ្រប់គ្រាន់ដើម្បីមានភាពងាយស្រួល បញ្ជូនជនល្មើសទៅតុលាការ។ ដូច្នេះហើយអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាបង្គោលមួយដ៏ល្អរបស់កម្ពុជា ក្នុងប្រឆាំងការសម្អាតប្រាក់ ទាំងនៅក្នុងប្រទេសយើង ពីព្រោះពួកគាត់ជាស្នូល នៃការសហការជាមួយគ្រប់នគរបាល។ ជាពិសេសទៀត អង្គភាពហិរញ្ញវត្ថុជាបង្គោលមួយជាមួយ ស្ថាប័នអន្តរជាតិ»៕