(កំពង់ចាម)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២ករណី នៅស្រុកកងមាស ស្រុកចំការលើ និងស្រុកព្រៃឈរ ដោយឃាត់ខ្លួនជនសង្ស័យសរុប៩នាក់ និងថ្នាំញៀនមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងក្រោមអនុវត្តបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ដែលជានិច្ចជាកាលបានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើស ក្នុងមូលដ្ឋានរបស់ខ្លួន​ឲ្យបានល្អ និងទប់ស្កាត់រាល់បទល្មើសទាំងអស់។

បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ប្រតិបត្តិការបង្ក្រាបនេះលើកទី១ នៅចំណុចក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងដកហូតបានម្សៅក្រាមពណ៍ស ចំនួន៤កញ្ចប់ និងទូរស័ព្ទដៃ៤គ្រឿង។ ដោយឡែកប្រតិបត្តិការ លើកទី២ បង្ក្រាបនៅក្នុងស្រុកចំការលើ និងបន្តដល់ក្នុងស្រុកព្រៃឈរ ឃាត់ខ្លួនជនសង្ស័យ​បាន៥នាក់ និងដកហូតបានម្សៅក្រាមពណ៍ស ចំនួន២កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ដាវចំនួន២ដើម អាវុធAK47 កាត់ស្វាយ កាត់កាណុង១ដើម​ និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់៕