(ភ្នំពេញ)៖ របាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា រយៈពេលពេល៩ខែ ឆ្នាំ២០១៧ ចំណូលពីវិស័យជលផល មានប្រមាណ៦៤ម៉ឺនដុល្លារអាមេរិក។

តាមរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល៩ខែ (នព្វមាស) ឆ្នាំ២០១៧ ដែលគិតចាប់ពីខែមករា ដល់ខែកញ្ញា ចំណូលពីវិស័យជលផល មានចំនួន ២,៥៧៧,១១១,១៨៣រៀល (ប្រមាណ៦៤ម៉ឺនដុល្លារអាមេរិក) ស្មើនឹង៨៥,៩០ភាគរយ នៃផែនការ ៣,០០០,០០០,០០០រៀល ចំណូលនេះបើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ កើនឡើងចំនួន ៩៩២,៦៨៥,៥៤៣រៀល។

របាយការណ៍បានបន្តថា ការនាំចេញផលនេសាទស្រស់ អនុវត្តបានចំនួន ៦,៩៥០តោន ស្មើនឹង៤៦,៣៣ភាគរយ នៃផែនការ ១៥,០០០តោន បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ កើនឡើងចំនួន ១៥០តោន។ ចំណែកផលនេសាទកែច្នៃ អនុវត្តបានចំនួន ៣,៨៨០តោន ស្មើនឹង៧៧,៦០ភាគរយ នៃផែនការ ៥,០០០តោន បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ កើនឡើងចំនួន ១៨០តោន។

របាយការណ៍ដដែលបានបន្តទៀតថា សម្រាប់៩ខែ ឆ្នាំ២០១៧ សំណុំរឿងបទល្មើសជលផលមានចំនួន ២,៨៧០ករណី ក្នុងនោះបទល្មើសទឹកសាបមានចំនួន ២,៦៨៧ករណី និងសមុទ្រមានចំនួន ១៨៣ករណី។ ក្នុងនោះមន្រ្ទីក្រសួងកសិកម្មបានចុះរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើសជលផលរួមមាន៖ របាំងស្បៃមុង និងសាច់អួនប្រវែង ១,២៤១,៨១៦ម៉ែត្រ បង្គោល-ចម្រឹងចំនួន ៦២៦,០១២ដើម លូស្បៃមុង និងសាច់អួនចំនួន ១៧,២៨១មាត់ របាំងព្រួលឬស្សីប្រវែង ៤,២៤៨ម៉េត្រ សម្រាប់ទំហំ ៣៧,៧១៨ម៉ែត្រក្រឡា ឧបករណ៍ឆក់ត្រីចំនួន ៣៧២គ្រឿង។

លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិចំនួន ៦០,៣៩៤គីឡូក្រាម និងពិន័យអន្តរការណ៍ចំនួន ៦២ករណី ស្មើនឹងទឹកប្រាក់ចំនួន ៥០,៤៣៧.៥ដុល្លារអាមេរិក៕

សូមអានរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្មទាំងស្រុង៖