(សៀមរាប)៖ ប្រាសាទតាសោម ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៣ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានទីតាំងស្ថិតនៅវង់ធំ ខាងកើតប្រាសាទនាគព័ន្ធ ព័ទ្ធដោយកំពែង៣ជាន់ ហើយកំពែងនីមួយៗមានខ្លោងទ្វារចេញ-ចូល និងសំណង់ប្រាង្គកណ្តាលរំលេចដោយក្បូរក្បាច់រចនាយ៉ាងរស់រវើក ស្ដែងពីភាពច្នៃប្រឌិតដ៏ប៉ិនប្រសព្វនៃរចនាបថបាយ័ន គួរជាទីគយគន់ទស្សនា។

បើតាមអ្នកជំនាញ ប្រាសាទតាសោម ត្រូវបានគេបំផ្លាញដោយចេតនា ប្រហែលក្នុងអំឡុងសតវត្សទី១៥ ឬសតវត្សទី១៦ ធ្វើឱ្យប្រាសាទនេះស្ថិតក្នុងសភាពបែកបាក់ និងទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនរយឆ្នាំ។ លុះដល់ឆ្នាំ១៩៩៨ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) និងអាជ្ញាធរជាតិអប្សរា បានសហការគ្នារៀបចំគម្រោងអភិរក្សប្រាសាទតាសោមឡើងវិញ ហើយបានបញ្ចប់គម្រោងរួចរាល់ជាស្ថាពរ នៅឆ្នាំ២០១២។

បើតាមអាជ្ញាធរជាតិអប្សរា កិច្ចការដែលអង្គការមូលនិធិប្រាសាទពិភពលោក បានធ្វើនៅប្រាសាទតាសោម គឺបានរៀបចំឯកសារទាក់ទងនឹងប្រាសាទ ពង្រឹងរចនាសម្ព័ន្ធសំណង់ដែលបាក់បែក ខូចខាត និងត្រង់ផ្នែកដែលរលំធ្លាក់ឱ្យរឹងមាំល្អឡើងវិញ ព្រមទាំងរៀបចំសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ក៏ដូចជាពន្យល់រៀបរាប់បង្ហាញពីប្រវត្តិសាស្ត្រទាក់ទងនឹងប្រាសាទតាសោមផងដែរ។

បន្ថែមលើសពីនេះ ក្រុមការងារគម្រោងក៏បានសម្អាតច្រកចេញ-ចូល រោងទង និងទីធ្លារជុំវិញប្រាសាទឱ្យស្អាត ដើម្បីសម្រួលដល់ការឆ្លងកាត់ពីខាងលិចទៅខាងកើត ពិសេសខ្លោងទ្វារខាងលិច និងខាងកើត ក៏ត្រូវបានធ្វើការជួសជុល និងពង្រឹងឡើងវិញឱ្យមាំទាំ និងធានាបាននូវសុវត្ថិភាពដល់ភ្ញៀវទេសចរពេលឆ្លងកាត់ផងដែរ។

បើទោះបីប្រាសាទនេះតូច នៅឆ្ងាយបន្តិចពីប្រាសាទផ្សេងៗក៏ដោយ ក៏នៅតែមានភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនារៀងរាល់ថ្ងៃ ពោលកម្រមានអ្នកមើលរំលងណាស់ ព្រោះប្រាសាទដ៏ពិចិត្រនេះមានក្បូរក្បាច់រចនាល្អរស់រវើក មានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងសោភ័ណភាពទេសភាពគួរឱ្យចង់ទស្សនាមិនជិនណាយ។

ខាងក្រោមនេះ ជាកម្រងរូបភាពស្ដែងពីទិដ្ឋភាពនៃប្រាសាទតាសោម៖