Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មីយ៉ាន់ម៉ា និងបង់ក្លាដេស ព្រមព្រៀងគ្នា​ក្នុងការបង្កើនកិ​ច្ចសហប្រតិបត្តិការ សន្តិសុខតាមព្រំដែន និងនីតិរដ្ឋ!

25-10-2017 10:11

(ណៃពិដោ)៖ រដ្ឋាភិបាល​មីយ៉ាន់ម៉ា និងបង់ក្លាដេស នៅថ្ងៃអង្គារសប្តាហ៍នេះ​បានព្រមព្រៀងគ្នា ក្នុងការបង្កើន​កិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ​នៅតាមតំបន់ព្រំដែន និងនីតិរដ្ឋ បន្ទាប់ពីមាន​កិច្ចប្រជុំមួយ រវាងរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃមីយ៉ាន់ម៉ា លោក ក្យរ ស្វេ (Kyaw Swe) និងសមភាគីបង់ក្លាដេស លោក អាសាឌូហ្សាម៉ាន់ ខាន់ (Asaduzzaman Khan) ដែលកំពុង​បំពេញដំណើរ​ទស្សនៈកិច្ច នៅមីយ៉ាន់ម៉ា។ នេះបើយោងតាម​សារព័ត៌មានចិន ស៊ិនហួរ ចុះផ្សាយនាព្រឹកថ្ងៃពុធ ទី២៥ ខែតុលានេះ។

បញ្ហាសំខាន់ៗចំនួន ១០ចំណុច ត្រូវបានព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលប្រារព្ធឡើង នៅក្នុងទីក្រុងណៃពិដោនេះ ដែលគ្រប់ដណ្តប់លើ ការប្រឆាំងអំពើភេរវកម្ម, ការឆ្លងដែនខុសច្បាប់, ការធ្វើមាតុភូមិនិវត្តន៍ និងការត្រួតពិនិត្យសញ្ជាតិ ចំពោះអ្នកទាំងឡាយណា ដែលបានភៀសខ្លួន ចូលមកកាន់បង់ក្លាដេស ដែលបង្កឡើងដោយជម្លោះ នៅរដ្ឋ Rakhine ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងព្រមព្រៀងគ្នា ក្នុងការបើកការិយាល័យ ទំនាក់ទំនងនៅតំបន់ព្រំដែនផងដែរ។

កិច្ចប្រជុំនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការិយាល័យរបស់ទីប្រឹក្សារដ្ឋ លោក យូ ក្យរ ទីន ស្វេ U Kyaw Tint Swe បានជួបជាមួយនឹង រដ្ឋមន្ត្រីការបរទេសបង់ក្លាដេស លោក​ អាប៊ុល ហាស្សាន ម៉ាមូដ អាលី (Abul Hassan Mahmood Ali) នៅរដ្ឋធានី ដាកា (Dhaka) របស់​បង់ក្លាដែស​កាលពីដើមខែនេះ៕