(ភ្នំពេញ)៖ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន បានលើកឡើងថា រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ក្រោមដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខយ៉ាងខ្លាំងចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលបានធ្វើពលីកម្មទៅលោកខាងមុខក្តី ដោយមិនទុកឲ្យពួកគាត់រស់នៅឯកាឡើយ។

លោក រឿន រិទ្ធីរ័ត្ន បន្តឲ្យដឹងថា រាល់ការលំបាកនិងសុខទុក្ខរបស់ពួកគាត់គឺជាកង្វល់របស់រាជរដ្ឋាភិបាលដូចគ្នា ដូច្នេះក្នុងនាមមន្រ្តី របស់រាជរដ្ឋាភិបាល ក្រុមការងាររបស់បេឡាជាតិអតីតយុទ្ធជន បានខិតខំបំពេញភារកិច្ចឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើសេវា និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានាគ្រប់កាលៈទេសៈ។

ការថ្លែងបែបនេះគឺខណៈលោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារសហការជាមួយមន្ទីរសង្គមកិច្ចខេត្ត សមាគមអតីតយុទ្ធជនកម្ពុជា អាជ្ញាមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ចុះធ្វើបច្ចុប្បន្នភាព និងបើកប្រាក់របបគោលនយោបាយរាជរដ្ឋាភិបាល ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនជាច្រើនគ្រួសារ នៅខេត្តកំពត និងខេត្តកែប នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។

លោកនាយកបេឡាជាតិអតីតយុទ្ធជន បានបន្ថែមទៀតថា បើទោះបីជាបងប្អូនអតីតយុទ្ធជនរបស់យើងបានលាចាកលោកនេះក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់ពួកគាត់ដែលក្នុងនោះក្រុមគ្រួសារនៃសពត្រូវបានទទួលនូវប្រាក់ របបគោលនយោបាយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដើម្បីតបស្នងនូវការលះបង់ដ៏ធំធេងក្នុងការការពារទឹកដីនៃយើង។

នាឱកាសនោះផងដែរ លោកនាយកបេឡាជាតិអតីតយុទ្ធជន និងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយ និងថវិកា របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារអតីតយុទ្ធជនពិការក្រីក្រលំបាកចំនួនបួនគ្រួសារ នៅតាមមូលដ្ឋាននីមួយៗដោយ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៉ីវមួយយួរ ត្រីខកំប៉ុងមួយយួរ ប៊ីចេងមួយកញ្ចប់ សារុងមួយ ក្រមាមួយ និងថវិកា​​ ៥ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់បានមួយរយៈ៕