(ភ្នំពេញ)៖ ​នៅព្រឹក​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧​នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន្តនៅគោលដៅ ចំណុចផ្ទះជួលលេខ៣៧៧ ផ្លូវលេខ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះ ដោយបានការអនុញ្ញាតិពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃប្រតិបត្តិការនេះ ត្រូវបានលោកប្រធាននាយកដ្ឋានបញ្ជាក់ថា បានត្រួតពិនិត្យឃើញមានជនបរទេសចំនួន១៤​នាក់ ស្រី​០៥​នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារស្នាក់នៅ​មិនត្រឹមត្រូវ​។

បច្ចុប្បន្នជនជាតិវៀតណាមទាំង១៤នាក់នោះ ត្រូវបានសម្រេចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕