(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំលើកទី១៤ របស់គណៈកម្មាធិការជាតិ សម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលរៀបចំធ្វើឡើងនៅសាលប្រជុំក្រសួងមហាផ្ទៃ (អាគារ S)។

កិច្ចប្រជុំខាងលើ​នេះ រៀបចំធ្វើឡើងដោយ គណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ដ្រី​ សមាជិក គ.ជ.អ.ប តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.អ.ប បានឲ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗ ដែលមានចែងក្នុងរបៀបវារៈនីមួយៗ ដូចខាងក្រោម៖

១៖ ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៣ របស់ គ.ជ.អ.ប
២៖ ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ស្ដីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់ គ.ជ.អ.ប
៣៖ ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងឯកសារផែនការអនុវត្ត៣ឆ្នាំ (២០១៨-២០២០) ដំណាក់កាលទី៣ (ផអ៣ទី៣) នៃកម្មវិធីជាតិ
៤៖ ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការធ្វើប្រតិភូកម្មអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ
៥៖ ការពិនិត្យពិភាក្សា និងអនុម័តលើការកែសម្រួលសៀវភៅណែនាំស្ដីពីការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
៦៖ បញ្ហាផ្សេងៗ ៕