(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះថា ប្រជាពលរដ្ឋ២៦នាក់ នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលរកឃើញគ្រាប់បែកគីមី យ៉ាងច្រើនសម្បើបនោះ បាននិងកំពុងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនៅឡើយ ដោយក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាត ឲ្យចេញទៅផ្ទះវិញនៅឡើយនោះទេ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា ក្នុងចំណោមប្រជាពលរដ្ឋទាំង២៦នាក់ មានម្នាក់ជាស្ត្រីមានផ្ទៃពោះ៨ខែ ដែលបញ្ហារោគស្ត្រី និងមានរមាស់លើរាយកាយ។ ប្រជាពលរដ្ឋទាំង២៦នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។

តាមការបញ្ជាក់របស់ ប្រធានមន្ទីរសុខាភិបាល មានប្រជាពលរដ្ឋឃុំគគីរ ដែលរងផលប៉ះពាល់ ដោយសារគ្រាប់បែកគីមី៥លើកហើយ បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ដោយលើកទី១ មានចំនួន៨នាក់, លើកទី២ ចំនួន១៥នាក់, លើកទី៣ ចំនួន១៣នាក់, លើកទី៤នេះចំនួន១៥នាក់ និងលើកទី៥នេះ មានចំនួន២៦នាក់ ដោយសរុបចំនួន៧៧នាក់ ក្នុងនោះ៦៨នាក់ មានជំងឺដែលប៉ះពាល់ដោយសារធាតុគីមី របស់គ្រាប់បែកគីមី និង៩នាក់មានកើនជំងឺផ្សេង។ ខណៈកុមារ៣នាក់ ដែលរងគ្រោះដោយគ្រាប់បែកគីមី កំពុងព្យាបាលនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ប្រជាពលរដ្ឋឃុំគគីរ ស្រុករមាសហែក ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញមានអាការៈរមាស់លើរាយកាយ។

គ្រាប់បែកគីមីចំនួន១៥កន្លែងទៀត ត្រូវបានមន្ត្រីជំនាញរបស់ស៉ីម៉ាក់រកឃើញ នៅក្នុងភូមិសាស្ត្រឃុំគគីរ និងឃុំជាប់នោះ ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ប៉ុន្តែដែលគួរឲ្យសោកស្តាយ និងឈឺចាប់បំផុតនោះ គឺទូតសហរដ្ឋអាមេរិក ដែលជាម្ចាស់គ្រាប់បែកគីមីនេះ និយាយថា គ្រាប់បែកទាំងនោះជាឧស្ម័នបង្ហូរទឹកភ្នែកប៉ុណ្ណោះ មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ។

ភ្លាមៗបន្ទាប់ពីទូតអាមេរិកនិយាយបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញមកទាត់ចោល សំដីដ៏ឥតខ្មាសអៀននេះ ហើយសូមអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ត្រីជំនាញរបស់អាមេរិក រួមទាំងអង្គការសហប្រជាជាតិផងដែរ ចុះទៅកាន់ទីតាំងគ្រាប់បែកគីមីនោះដោយផ្ទាល់ ហើយបើមិនជឿទៀតនោះ អាចយកដៃកាន់ និងហិតលេងក៏បាន។

ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន​ មេត្តាជួយចូលរួមប្រុងប្រយ័ត្ន និងជួយថែរក្សាតំបន់សុវត្ថិភាព​ ស្លាកសញ្ញា​សំគាល់គ្រោះថ្នាក់​ និងស្ថិតនៅឆ្ងាយពីគ្រាប់បែកទាំងនេះ ចៀសវាងដាច់ខាត ទៅគាល់កកាយដោយយល់ថា គ្មានគ្រោះថ្នាក់​ ឬគ្រោះថ្នាក់ត្រឹមហៀរទឹកភ្លែក ព្រោះជាក់ស្តែងមន្ត្រីស៊ីម៉ាក់ គ្រាន់តែដាច់ស្រោមដៃតិចតួចក៏ពង រមាស់ពេញដៃ។

លើសពីនេះទៅទៀតនោះ លោកក៏បានអំពាវនាវដល់អង្គការហាមឃាត់អាវុធគីមី របស់អង្គការសហប្រជាជាតិ​ ចុះមកត្រួតពិនិត្យ និងផ្តល់របាយការណ៍​ប្រកបដោយតម្លាភាព​ ដើម្បីមន្ត្រីជំនាញកម្ពុជាមានវិធានការ សមស្របជួយប្រជាជន។

សូមជម្រាបថា បើតាមលោក ហេង រតនា អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះ សង្គ្រាម​មានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។​ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺ​មានចំនួន១១៥,២៧៥ទីតាំង ​(ឬកំណត់ត្រា)​ មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក​ មានចំនួនគ្រាប់ទំលាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់​ មានទំងន់ជាង២លាន៨សែនតោន​ (២,៨០៣,៨៦៨,១៥២​គីឡូក្រាម)​ ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួន​ជាង២៧លាន៩សែនគ្រាប់​។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ! ខាងលើនេះជាការពិតជាក់ស្តែង​ ដែលបានកើតលើប្រជាជន និងប្រទេសដ៏កំសត់មួយនេះ៕