(ភ្នំពេញ)៖ ខណៈក្តីសង្ឃឹមមានតិចតួចបំផុតសម្រាប់គណបក្សសង្គ្រោះជាតិចៀសផុតពីការ រំលាយចោលតាមច្បាប់ស្តីពីគណបក្សនយោបាយដោយសារតែបក្សនេះ ត្រូវបានគេរកឃើញថាបានឃុបឃិតនិងមានការជាប់ពាក់ពន្ធយ៉ាងស៊ីជម្រៅក្នុងផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៧ ថា នៅពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះនៅតែរក្សាតំណែងដដែល ប្រសិនបើពួកគេប្តូរជីវភាពបក្សមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថាការអនុវត្តនេះគឺ ជានយោបាយឈ្នះ-ឈ្នះ។ ប៉ុន្តែសម្រាប់អ្នកដែលបន្តនៅក្រាញជាមួយបក្សសង្គ្រោះជាតិ ពេលដែលបក្សនេះត្រូវបានរំលាយ តំណែងដែលពួកគេមាននឹងរលាយតាមនោះដែរ។ សារនេះត្រូវបានបន្ទរដោយលោក គង់ គាំ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដោយបានថ្លែងថាបក្សសង្គ្រោះជាតិនឹងមិនរារាំង អ្នកដែលចង់មកចូលរួមជាមួយគណបក្សប្រជាជនឡើយ និង ថាការចាកចាក ឬការបន្តរស់នៅជាមួយបក្សសង្គ្រោះជាតិជាសិទ្ធិរបស់បុគ្គលម្នាក់ៗ គ្មាននរណាហាមឃាត់ឡើយ។

ហេតុអ្វីបានជាសម្តេចតេជោហៅការបើកទ្វារចំហស្វាគមន៍សកម្មជនបក្សសង្គ្រោះជាតិនេះជានយោបាយឈ្នះ-ឈ្នះ? តើមានសេណារីយូអ្វីខ្លះដើម្បីធានាដល់និរន្ត រភាពជាតិ?

ទី១៖ នយោបាយ «ឈ្នះ-ឈ្នះ»៖ សម្តេចតេជោ ហ៊ុន សែន បានហៅការទទួលយក មេឃុំ ចៅសង្កាត់ ជំទប់ ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នេះថា ជាការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដែលសម្តេចធ្លាប់បានធ្វើជាមួយខ្មែរក្រហម។ នយោបាយ ឈ្នះ-ឈ្នះ ត្រូវបានដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ចន្លោះពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៨ និងមាននាយឧត្តមសេនីយ៍ ប៉ុល សារឿន កែវ ពង្ស និងកងកម្លាំង យោធពលខេមរភូមិន្ទជាច្រើនទៀតជាប្រតិបត្តិករដោយផ្ទាល់ដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមនាំយកសន្តិភាពពេញលេញជូនកម្ពុជានិងមាន ឯកភាពជាតិ និងឯកភាពទឹកដី។ នយោបាយ«ឈ្នះ-ឈ្នះ»មានគោលការណ៍បីគឺ ១-ធានាអាយុជីវិត ២-រក្សាទ្រព្យសម្បត្តិ និង ៣-រក្សាតួនាទី និងឋានន្តរស័ក្តិ។ នយោបាយឈ្នះ ឈ្នះនេះបានធ្វើឱ្យខ្មែរក្រហមជាច្រើនម៉ឺនសែននាក់បានសម្រេចធ្វើសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការតស៊ូផ្លូវយោធាអស់ជាច្រើនទសវត្សរ៍។ នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាដែលធ្លាប់តែបែងចែកទឹកដីជាច្រើន និងមានកម្លាំងគ្រប់គ្រងផ្សេងគ្នា មកជាការរួបរួមជាតិជាមួយគ្នា ហើយបងប្អូនអតីតខ្មែរក្រហមត្រូវ បានធានាអាយុជីវិតដោយមិនយកទោសពៃរ៍ ហើយបងប្អូនមានទ្រព្យសម្បត្តិដីធ្លីប៉ុន្មាន មុនពេលសមាហរណកម្ម គឺនៅតែមានសិទ្ធិរក្សាជាទ្រព្យសម្បត្តិរបស់ខ្លួនស្របច្បាប់ គ្មានការរឹបអូសណាមួយឡើយ ហើយបងប្អូនណាដែលមានឋានន្តរស័ក្តិប៉ុន្មាន ទទួលបានដូចគ្នាពេលសមាហរណកម្ម។

ឥឡូវនេះ នយោបាយឈ្នះ-ឈ្នះនេះបានវិលត្រឡប់មកវិញម្តងទៀតហើយ និងដាក់ចុះដោយស្ថាបនិកនយោបាយនេះដដែលគឺសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ បានប្រកាសបើកទ្វារ ឱ្យសកម្មជនបក្សសង្គ្រោះជាតិមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីបន្តបម្រើប្រជាពលរដ្ឋខ្មែរបន្តទៅទៀត ដោយរក្សានាទី និង តំណែងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់បក្សសង្គ្រោះជាតិឱ្យកាន់តួនាទីដដែល គ្រាន់ តែប្តូរជីវភាពបក្សមកនៅក្រោមដំបូលនគរទេវតាប៉ុណ្ណោះ ដោយមិនចាំបាច់ភ័យព្រួយ អ្វីទាំងអស់។

នេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បងប្អូនដែលចង់បន្តបម្រើជាតិ និងប្រជាជនកម្ពុជា ព្រោះបក្សដែលខ្លួនធ្លាប់ជឿទុកចិត្ត បែរជាប្រព្រឹត្តនូវអំពើក្បត់ជាតិដោយឃុបឃិតជាមួយបរទេស រំលោភឆន្ទៈរាស្ត្រ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានទទូចឲ្យសមាជិករបស់គណបក្សប្រជាជនកម្ពុជា កុំមានការអាក់អន់ស្រពន់ចិត្តទៅលើបញ្ហានេះផងដែរ។ សម្តេច បានបញ្ជាក់ថា ការបន្តធ្វើជាមេឃុំ និងចៅសង្កាត់ គឺជាជម្រកដ៏សុវត្ថិភាពសម្រាប់មេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុសង្កាត់មកពីគណបក្សសង្រ្គោះជាតិ។ នេះសបញ្ជាក់ឱ្យឃើញថាគណបក្សប្រជាជន
កម្ពុជាបានលះបង់សព្វបែបយ៉ាងដើម្បីសេចក្តីសុខរបស់ពលរដ្ឋ។ ដូច្នេះសម្រាប់អ្នកជាតិនិយមនិងអ្នកស្នេហាជាតិនឹងជ្រើសរើសយកផ្លូវមួយគឺការលះបង់បក្សព្រះអាទិត្យដែលមាន តែនៅលើក្រដាសមកជាចូលរួមជាមួយបក្សទេវតាបាចផ្កាសន្តិភាព និងអភិវឌ្ឍ។

ទី២៖ ប្រមូលផ្តុំអ្នកបម្រើជាតិ និងអ្នកស្នេហាជាតិពិតប្រាកដ៖ គណបក្សប្រជាជន កម្ពុជាបានបម្រើប្រជាពលរដ្ឋជិត៤០ ឆ្នាំមកហើយដោយបានពុះពារគ្រប់ឧបសគ្គដោយ បានរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ដៃគូម្ខាងកសាងជាតិនិងដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមសម្លាប់មនុស្ស និង ឈានដល់ការនាំយកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍកម្ពុជារីកចម្រើនដូច សព្វថ្ងៃនេះ។ គណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំរបស់ខ្លួនបានលះបង់កម្លាំងកាយ កម្លាំងបញ្ញា និងកម្លាំងចិត្ត អ្នកខ្លះបានបូជាអាយុជីវិតរបស់ខ្លួនដើម្បីភាពសុខសាន្តរបស់ ប្រជាពលរដ្ឋខ្លួន។ ចំណែកមេដឹកនាំបក្សប្រឆាំងគ្មានអ្វីក្រៅពីការបំផ្លាញជាតិឡើយ ដោយពួកគេព្យាយាមក្នុងការសម្អុយកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ កៀងគរអន្តរជាតិឱ្យដាក់សម្ពាធលើកម្ពុជា និងអនុវត្តនយោបាយបីជាប្រចាំ គឺស្នើឱ្យបរទេសកុំផ្តល់ជំនួយដល់កម្ពុជា កុំឱ្យវិនិយោគនៅកម្ពុជា និងកុំឱ្យទិញទំនិញពីប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាពិតជាមិនត្រូវការជនក្បត់ជាតិទាំងនេះឡើយ។

ហេតុដូច្នេះហើយបានជាកម្ពុជាមានភាពចាំបាច់ត្រូវកម្ចាត់ក្រុមក្បត់ជាតិឱ្យបាន ទាន់ពេលវេលាដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងជាតិសុខសាន្ត។ ប្រជាពល រដ្ឋ សកម្មជនជាច្រើនរបស់បក្សសង្គ្រោះជាតិក៏មានមនសិការស្នេហាជាតិ និងចង់បម្រើ ប្រជាជនកម្ពុជាផងដែរ។ គណបក្សប្រជាជនកម្ពុជាជាបណ្តុំនៃបញ្ញាវ័ន្ត អ្នកស្នេហាជាតិ ស្នេហាប្រជាជន ហ៊ានលះបង់សូម្បីតែអាយុជីវិតរបស់ខ្លួនដើម្បីជាតិសុខសាន្ត។ ក្រោយ ពីកម្ចាត់ជនក្បត់ជាតិចេញ ដែលជនក្បត់ជាតិខ្លះរត់គេចខ្លួនទៅក្រៅប្រទេស ខ្លះកំពុងពួនសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតកំពុងស្ថិតនៅក្នុងគុក នោះ មានទាំងតំណាងរាស្ត្រ និងបងប្អូនជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសកម្មជន ព្រមទាំងអ្នកគាំទ្របក្សសង្គ្រោះ ជាតិដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍចាប់ផ្តើមចាក ចេញពីបក្សក្បត់ជាតិនេះ មកចូលរួមជីវភាពជាមួយបក្សទេវតាជាបណ្តើរៗក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ពីអំណេះតទៅ អ្នកស្នេហាជាតិ អ្នកជាតិនិយមនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចូលរួមកសាងជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជាគឺជាមជ្ឈមណ្ឌលឯកភាពជាតិ និងសាមគ្គីភាពក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងប្រមូលផ្តុំដោយអ្នកស្នេហាជាតិ និងអ្នក បម្រើផលប្រយោជន៍រាស្ត្រពិតប្រាកដ។ បក្សវ័យចំណាស់មួយនេះបានដើរតួនាទី យ៉ាងសំខាន់ក្នុងការការពារបូរណភាពដែនដី ឯករាជភាពជាតិ និងទប់ស្កាត់រាល់អំពើឈ្លាន ពានរបស់បរទេស និងការប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជា។ ដើម្បី ការពារអ្នកស្នេហាជាតិ បក្សប្រជាជនកម្ពុជាដែលដឹកនាំប្រទេសបានចាត់វិធានការគ្រប់ តម្លៃទាំងអស់ និងដើម្បីធានាថាសន្តិភាពដែលរកបានដោយពិបាកនេះនឹងមិនត្រូវបាន បំផ្លាញដោយមនុស្សមួយក្តាប់តូចដែលមានមហិច្ឆតាអំណាចខ្ពស់រហូតដល់ធ្វើបដិវត្តន៍ពណ៌បំផ្លាញប្រទេសឡើយ។ រួមជាមួបក្សប្រជាជនកម្ពុជាគឺដើម្បីជួយខ្លួនយើង និង សង្គមជាតិទាំងមូល។ នេះគឺជាការការពារឆន្ទៈរាស្ត្រពិតប្រាកដ មិនមែនការពារឆន្ទៈ រាស្ត្រនាំរាស្ត្រទៅរងទុក្ខជំនួសខ្លួន តវ៉ាស្លាប់ខ្លួនដើម្បីផលប្រយោជន៍របស់មេដឹកនាំបក្ស ក្បត់ជាតិមួយដំបរស្វានោះឡើយ។

៣៖ សកម្មជនខាងក្រោមមិនមានកំហុស អ្នកខុសពិតគឺមេដឹកនាំបក្សនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ នយោបាយឈ្នះ-ឈ្នះ រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដើម្បីសន្តិភាព និងការផ្សះផ្សាជាតិ។ នៅពេលនេះ ការអនុ វត្តនយោបាយនេះក៏ធ្វើឡើងក្នុងគោលបំណងរក្សាស្ថេរភាព និងផ្តល់ឱកាសដល់អ្នក ស្នេហាជាតិនិងប្រជាជនទាំងឡាយបន្តចូលរួមកសាងជាតិ និងបម្រើផលប្រយោជន៍ប្រ ជាជនកម្ពុជា។ បងប្អូនសកម្មជន និងអ្នកគាំទ្រ រួមនឹងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅ ថ្នាក់មូលដ្ឋានក៏ជាជនរងគ្រោះនៃអំពើក្បត់ជាតិរបស់សម រង្ស៊ី កឹម សុខា និងមេដឹកនាំ ដទៃទៀតនៃបក្សសង្គ្រោះជាតិដែរ ដែលពួកគេបានបោកប្រាស់ឆន្ទៈរាស្ត្រ យកការគាំទ្រ របស់ពលរដ្ឋមកជាន់ឈ្លី ដោយបម្រើបរទេស ប៉ុនប៉ងនាំកម្ពុជាទៅក្នុងសង្គ្រាមបំផ្លិចបំផ្លាញតាមរយៈបដិវត្តន៍ពណ៌។ ដូច្នេះ នៅពេលនេះគឺជាពេលវេលាសមស្របដែលត្រូវ ស្វែងរកជម្រកសុខសាន្ត និងមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ដើម្បីកសាងជាតិ និង មាតុភូមិកម្ពុជាឱ្យរីកចម្រើនតទៅមុខទៀត។

បងប្អូនដែលមិនជាប់ពាក់ព័ន្ធនឹងផែនការក្បត់ជាតិសូមកុំមានការព្រួយបារម្ភឱ្យ សោះព្រោះមានតែសមាជិកអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការនាយកបក្សនេះតែ ប៉ុណ្ណោះដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ លួចរៀបចំផែនការសម្ងាត់ធ្វើបដិវត្តន៍ពណ៌ដែលនឹងត្រូវចោទប្រកាន់ ចាប់ខ្លួន និងយកមកកាត់ទោស។ សម្រាប់បងប្អូនណាដែលចាកចេញបានឆាប់កាន់គឺតែល្អព្រោះនៅពេលនេះ គឺជាពេលវេលាដែលមានតម្លៃរបស់អ្នក។ កំហុសពិតប្រាកដគឺជាការទទួលខុសត្រូវរបស់មេដឹកនាំបក្សសង្គ្រោះជាតិ ដែលបានឃុបឃិតជាមួយបរទេស បំផ្លាញជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះ ពួកគេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះទង្វើក្បត់ជាតិ និងក្បត់ឆន្ទៈរាស្ត្រម្ចាស់ឆ្នោត។

ទី៤៖ គណបក្សប្រជាជនដឹកនាំប្រទេស មនុស្សគ្រប់និន្នាការនយោបាយរស់សុខសាន្ត រួមគ្នាកសាងជាតិ៖ គណបក្សប្រជាជនកម្ពុជាឈ្នះ និងដឹកនាំប្រទេសមនុស្សគ្រប់និន្នាការនយោបាយអាចរស់នៅបានសុខសាន្តទាំងអស់គ្នា មានសិទ្ធិសេរីភាពពេញលេញ និងរស់នៅក្នុងសង្គម ប្រជាធិបតេយ្យ និងនីតិរដ្ឋប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។ កាលដែលគណបក្សប្រជាជនបានទទួលការទុកចិត្តពីប្រជាពលរដ្ឋភាគច្រើនក្នុងការដឹកនាំប្រទេសដោយសារតែថ្នាក់ដឹកនាំ និងសកម្មជនអ្នកគាំទ្របក្សមួយនេះបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនខ្មែរ។ ខណៈរាជរដ្ឋាភិបាលបានព្យាយាមក្នុងការផ្សះផ្សាមុខរបួសនៃការបែកបាក់ជាតិកាលពីអតីតកាលឱ្យជាសះស្បើយឡើងវិញ បក្សប្រឆាំងបែរជាព្យាយាមញុះញង់ និងបំបែកបាក់សាមគ្គីជាតិខ្មែរ និងសុខចិត្តឱនក្បាល បម្រើបរទេស។ ហើយអ្នកដែលក្បត់កម្ពុជានេះហើយដែលមិនអាចរស់នៅដោយសុខសាន្តនៅក្នុងដំបូលសន្តិភាព និងការអភិវឌ្ឍឡើយ។ ពួកគេតែងតែត្រូវបណ្តាសាទេវតា ថែរក្សាប្រទេសកម្ពុជាហើយទទួលនូវទណ្ឌកម្មដោយការក្បត់ពាក្យសម្បថរបស់ខ្លួននៅ មុខប្រាសាទអង្គរវត្តថាមិនក្បត់ជាតិ ប៉ុន្តែទីបំផុតពួកគេក្បត់ជាតិ។ ហេតុដូច្នេះហើយ បានជាអ្នកខ្លះត្រូវរត់គេចខ្លួន ចាកចេញពីស្រុក និងខ្លះដេកក្នុងគុក។

ដើម្បីឱ្យជាតិខ្មែរសុខសាន្តរាប់ជំនាន់តទៅមុខទៀត អ្នកស្នេហាជាតិខ្មែរទាំងអស់គួររួមគ្នាជាធ្លុងមួយប្រឆាំងនឹងជនក្បត់ជាតិ និងខិតខំកសាងជាតិឱ្យរីកចម្រើនរុង រឿងខ្លាំងក្លាបន្តទៀត។ ការរួមកម្លាំងគ្នាជាធ្លុងមួយក្នុងការកសាងជាតិ នឹងធ្វើឱ្យប្រទេស កម្ពុជាដែលធ្លាប់ឆ្លងកាត់សោកនាដកម្ម និងរបបប្រល័យពូជសាសន៍ អាចបោះជំហាន ទៅមុខក្នុងការអភិវឌ្ឍជាតិយ៉ាងឆាប់់រហ័សបំផុត។ ដូច្នេះមានតែការរួបរួមកម្លាំង សាមគ្គីភាពរវាងខ្មែរ និងខ្មែរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជន កម្ពុជានឹងការពារបាននូវបូរណភាពដែន រក្សាបាននូវសុខសន្តិភាព ស្ថេរភាព និងការ អភិវឌ្ឍនិងធ្វើយ៉ាងណាឱ្យសង្គមជាតិមានសុខដុមរមណីយកម្ម៕

ដោយ៖ ចៅ ចាក់ស្មុក