Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មជន គណបក្សសង្រ្គោះជាតិម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយបង្ហោះវីដេអូញុះញង់ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល

24-10-2017 21:39

(ប៉ៃលិន)៖ សមត្ថកិច្ចជាន់ខ្ពស់ ប្រចាំខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅវេលាម៉ោង២៖៤៧នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួន សកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយសកម្មជនបក្សនយោបាយរូបនោះ បង្ហោះវីដេអូមួយ ដោយជាប់សង្ស័យថាជាការប្រមាថ និងញុះញង់ឱ្យមានការរើសអើង។

បើតាមសមត្ថកិច្ច ជនសង្ស័យម្នាក់នោះ មានឈ្មោះ ឈុន សិទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួននេះ ដោយសារតែជាប់ព័ន្ធនឹងនឹងករណីសង្ស័យ២ករណី រួមានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទស្តាប់ រឺថតពាក្យសម្តីឯកជន នៅចំណុចសាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ និងញុះញង់ឱ្យមានការរើសអើងក្នុងសង្គម។

រហូតមកដល់ពេលនេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចសាកសួរ នៅស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន ហើយត្រឹមនឹងចាត់វិធានការបន្តទៅតាមផ្លូវច្បាប់៕