(តាកែវ)៖ ក្នុងរយៈពេល០២ថ្ងៃ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បង្ក្រាបបានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន០៧នាក់ ដោយរកឃើញថ្នាំញៀនក្រាមថ្លាពណ៌ស ១៥កញ្ចប់មានធំចំនួន២កញ្ចប់ផងដែរ។

 អធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង០០នាទី នៅចំណុចភូមិសីហា ឃុំចំបក់ ស្រុកបាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ មានទី១ឈ្មោះ ម៉ុម វណ្ណេត(ហៅទុយ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ(មេក្លោង) ទី២ឈ្មោះ វង់ សុខហេង (ហៅខ្លី) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ (មុខសញ្ញាចែកចាយ) ទី៣ឈ្មោះ វ៉ាង វ៉ាហី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងលាន ឃុំចំបក់ ស្រុកបាទី(មុខសញ្ញាចែកចាយ) ទី៤ឈ្មោះ សុខ សាក់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបឹងលាន ឃុំចំបក់ ស្រុកបាទី(មុខសញ្ញាចែកចាយ) និងទី០៥មានឈ្មោះ ដុំ ថានុន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាលប្រិយ៍ ឃុំចំបក់ ស្រុកបាទី (មុខសញ្ញាប្រើប្រាស់) ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន១៣កញ្ចប់(ធំ០២កញ្ចប់ និងតូច១១កញ្ចប់) ទូរស័ព្ទដៃចំនួន០៧គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៥នាក់ បានសារភាពថា ខ្លួនបានទិញថ្នាំញៀនទាំងនេះពីឈ្មោះ សួង វិសាល(ហៅពូជ) ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ និងឈ្មោះ យ៉ាន់ សាមឌី(ហៅកាហេ) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ទើបនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សួង វិសាល ចំណែកឯឈ្មោះ យ៉ាន់ សាមឌី បានរត់គេចខ្លួនបាត់ ។

ក្រោយពីធ្វើការសាកសួររួចជនសង្ស័យឈ្មោះ សួង វិសាល បានសារភាពខ្លួនបានចែកចាយថ្នាំញៀនអស់ហើយ ដោយបានលក់ឱ្យទៅឈ្មោះ ស សុងឃាង ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ។ នៅថ្ងៃ.ខែ.ឆ្នាំ ដដែល ដោយផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ សួង វិសាល កម្លាំងជំនាញស្រុកបាទី បានធ្វើការឃាត់ខ្លួនឈ្មោះ ស សុងឃាង តែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី និងតាមចាប់ខ្លួនមុខសញ្ញាដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។