(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៥គ្រួសារ នៅភូមិភ្លង់ និងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។
ការចុះសួរសុខទុក្ខ និងប្រគល់អំណោយនេះ ក្នុងគោលបំណងដឹងពីសុខទុក្ខអ្នករស់នៅមេរោគអេដស៍នៅមូលដ្ឋាន និងជាសកម្មភាពគាំទ្រ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិការភាពជាអ្នកដឹកនាំ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍នៅកម្ពុជា។
លោកស្រី គួយ ណាលីន ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកជូននាពេលនេះ មានចំនួនតិចតួចក្ដី តែនេះជាការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ហើយលលោកស្រី បានសម្តែងនូវការអាណិត អាសូរ ចំពោះបងប្អូនទាំងអស់ដោយបានបញ្ជាក់ថា នេះគឺជាបញ្ហាមួយធ្វើឲ្យយើងទាំងអស់គ្នា រួមសហការគ្នាដោះស្រាយ ដើមី្បឈានទៅគ្រប់គ្រងឲ្យបាន នូវការឆ្លងរាលដាលនៃជំងឺអេដស៍។
ប្រធានក្រុមការងាររូបនេះ បានធ្វើការលើកទឹកចិត្ត ដល់បងប្អូនទាំងអស់ កុំឲ្យអស់ក្តីសង្ឃឹម ព្រោះជំងឺអេដស៍នាពេលបច្ចុប្បន្ន មានថ្នាំប្រឆាំង ហើយតែបងប្អូនគោរពឲ្យបានទៅតាម វេជ្ជបញ្ជារបស់គ្រូពេទ្យ និងថែរក្សាសុខភាពខ្លួន នោះនឹងអាចរស់រានដូចពលរដ្ឋទូទៅដែរ។
បន្ទាប់ពីសួរសុខទុក្ខអ្នករស់នៅជាមួយមេរោគអេដស៍រួច លោកស្រី និងប្រតិភូរួមដំណើរបានជួបសួរសុខជាមួយប្អូនស្រី រាក់ ករុណា អាយុ១៥ឆ្នាំ ជាកុមារកំព្រាតាំងពីឆ្នាំ២០១៣មក ដោយសារអំពើហិង្សាក្នុងគ្រួសារ។ បច្ចុប្បន្នប្អូនស្រីរស់នៅជាមួយអ៊ុស្រីសាច់ញ្ញាតិឆ្ងាយ មានជីវភាពទីទ័លក្រ នៅភូមិភ្លង់ ឃុំលាងដៃ ហើយកំពុងសិក្សានៅថ្នាក់ទី៨ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន អង្គរធំ។
ក្រោយពីជួបសំណេះសំណាលសួរសុខទុក្ខរួចប្រតិភូ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គធំ ដែលមានទីតាំងនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ។ អគារនេះត្រូវបានសាងសង់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ដែលសម្រេចបានប្រហែល ៧០ភាគរយហើយ៕