(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានបន្ដបញ្ជាកម្លាំងនគរបាលរបស់លោក ចុះបង្ក្រាបបទល្មើសនេសាទដែលបានកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាបន្ដបន្ទាប់។
ជាក់ស្ដែងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលាលោកបាន បញ្ជាឲ្យអធិការស្រុកស្ទឹងត្រង់ ដឹកនាំកម្លាំង សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម និងកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដឹកនាំដោយលោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចឃុំព្រែកកក់ ឃុំព្រែកបាក់ និងឃុំទួលព្រះឃ្លាំង។
លោកស្នងការក៏បានឲ្យដឹងថា ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងចម្រុះដកហូតបាន លូស្បៃមុងចំនួន៥៥មាត់, របាំងស្បៃមុង ប្រវែង១,៣៨៧ម៉ែត្រ, ដាយដាក់ត្រីចំនួន០២មាត់, បង្គោលចម្រឹងចំនួន៣,៨២៥ដើម និងចាក់លែងកូនត្រីចម្រុះ ចំនួន១៧៧គីឡូក្រាម។
ក្រោយប្រតិបត្តិការ ចំពោះឧបករណ៍វត្ថុតាងខាងលើក្រុមការងារចម្រុះ បានធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្ដង៕