(ភ្នំពេញ)៖ អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា ដែលធ្វើការរាប់សិបឆ្នាំមកហើយ លើការងារដោះគ្រាប់មីន គ្រាប់បែកនៅកម្ពុជា នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា នៅតែទន្ទឹងរង់ចាំ នូវការផ្តល់យុត្តិធម៌ សីលធម៌ និងគុណធម៌ នៃការទទួលខុសត្រូវពីសហរដ្ឋអាមេរិក ចំពោះទង្វើរបស់ខ្លួន ដែលទម្លាក់គ្រាប់បែក យ៉ាងសន្ធឹកសន្ធប់មកលើកម្ពុជា។

លោក ហេង រតនា បានលើកឡើងទៀតថា ចំពោះប្រជាជនវៀតណាម និងប្រជាជនឡាវ សហរដ្ឋអាមេរិកមានសេចក្តីក្លាហាន ចេញមុខទទួលខុសត្រូវ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ក្នុងការជួយដោះគ្រាប់បែកដែលអាមេរិកទម្លាក់ លើទឹកដីរបស់ពួកគេ នូវជំនួយយ៉ាងច្រើនសន្ធឹក ផ្ទុយទៅវិញសម្រាប់កម្ពុជា ដែលទទួលរងទម្ងន់គ្រាប់បែក យ៉ាងធ្ងន់ធរពីអាមេរិក បែរជាទទួលបានជំនួយតិចតួចណាស់ សម្រាប់បម្រើដល់ការងារបោសសំអាត គ្រាប់បែករបស់អាមេរិក។  

អគ្គនាយករូបនេះលើកឡើងថា «កិច្ចការបោសសំអាត សំណល់ជាតិផ្ទុះអាមេរិកនេះនៅច្រើន និងលំបាកស្មុគស្មាញណាស់ដែរ​ ហើយឥឡូវបន្ថែមអាវុធគីមី នៅសល់ច្រើនទៀតនោះ​។ កម្ពុជានៅតែមហាសង្វេត​ ក្នុងការដោះស្រាយវិបត្តិមួយនេះ។ ប្រជាជនកម្ពុជានៅតែរង់ចាំ យុតិ្តធម៌​ សីលធម៌​ និងគុណធម៌នៃការទទួលខុសត្រូវលើបញ្ហានេះ​!​ ប្រទេស និងប្រជាជនឡាវ​ ប្រទេសនិងប្រជាជនវៀតណាម​ បាន​ទទួលនូវឥរិយាបថជាវិជ្ជមានខ្លះហើយ។ ការទទួលខុសត្រូវខាងសីលធម៌​ ជាគុណធម៌មួយយ៉ាងសំខាន់។​ ចុះប្រទេសនិងប្រជាជនកម្ពុជា​យ៉ាងម៉េចដែរ​? បញ្ហាអាវុធគីមីនៅកម្ពុជា សំណល់ពីជំនាន់មុន​ ត្រូវតែដោះស្រាយនៅជំនាន់នេះ»

លោកអគ្គនាយកបានបន្ថែមទៀតថា មេដឹកនាំអាមេរិកជំនាន់ថ្មី​ មានសេចក្តីក្លាហាន ក្នុងការទទួលស្គាល់ការពិត​ តួរយ៉ាងដូចលោក អូបាម៉ា​ អតីតៈប្រធានាធិបតីអាមេរិក ក្នុងចុងឆ្នាំ២០១៦​ បានប្រកាសទទួលខុសត្រូវ ខាងសីលធម៌ ចំពោះអាមេរិកទំលាក់គ្រាប់បែក នៅប្រទេសឡាវ​ ហើយប្រកាស់ផ្តល់ជំនួយជិត១០០លានដុល្លារអាមេរិក​ សំរាប់គាំទ្រកិច្ចការបោសសំអាត សំណល់គ្រាប់អាមេរិក ក្នុងរយៈពេល៣ឆ្នាំ​២០១៧-២០១៩។ ដោយឡែកនៅកម្ពុជាជាង២៥ឆ្នាំកន្លងមកនេះ​ អាមេរិកក៏បានជួយជាសំភារៈ ការហ្វឹកហ្វឺន​និងថវិកាមួយចំនួនដែរ​ ដើម្បីជួយស្តារស្ថានភាពកម្ពុជា ក្រោយសង្គ្រាម​ ហើយក្នុងនោះស៊ីម៉ាក់ បានទទួលផ្ទាល់ជាថវិកាចំនួន​ជាង២១លានដុល្លារ​  និងមានជំនួយជាសំភារៈ​ និងការហ្វឹកហ្វឺនមួយចំនួនទៀត (សរុបរួមប្រមាណ២៥លានដុល្លារ)​ ក្នុងរយៈពេល២៥ឆ្នាំ​ (១៩៩៣-២០១៧)​។

លោក ហេង រតនា បានបញ្ជាក់ថា រយៈពេលជិត១០ឆ្នាំកន្លងមកហើយ​ (២០០៨) ស៉ីម៉ាក់បានឯកភាព ជាមួយភាគីសហរដ្ឋអាមេរិក ក្នុងការរុញកំលាំងចូលទៅបោសសំអាត គោលដៅតំបន់អាមេរិកទំលាក់គ្រាប់​ និងខិតខំបោសសំអាតសំណល់ជាតិផ្ទុះ របស់អាមេរិកមានដូចជា គ្រាប់បែកចង្កោម​ និងគ្រាប់បែកទំលាក់ពីយន្តហោះជាដើម។ល។ កិច្ចការនេះជួយកាត់បន្ថយគ្រោះថ្នាក់ និងការកំរាមកំហែងពីគ្រាប់សំណល់ មានដើមកំណើតពីអាមេរិក។

ជុំវិញបញ្ហាគ្រាប់បែកគីមី លោក ហេង រតនា បានលើកពីឧទាហរណ៍ជាក់ស្តែង ដែលសហរដ្ឋអាមេរិកបានធ្វើចំពោះប្រទេស៉ីរី ដោយអគ្គនាយកស៉ីម៉ាក់រូបនេះ បានលើកឡើងថា នៅខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ​ សហរដ្ឋអាមេរិក​ក្រោមរដ្ឋបាល លោកប្រធានាធិបតី​ Donal Trump បានវាយប្រហារលើប្រទេសស៉ីរី​ ដោយប្រើប្រាស់កាំជ្រួញប្រភេទ​ Tomahawk ចំនួន៥៩គ្រាប់ ​បាញ់ពីនាវា២គ្រឿង សំដៅកំទេចឃ្លាំងអាវុធគីមី របស់រដ្ឋបាលប្រធានាធីបតីអាសាត នៃប្រទេសស៉ីរី។

លោក ហេង​ រតនា បន្ថែមទៀតថា មុនការវាយដោយកាំជ្រួញ Tomahawk នេះ​ លោកស្រី ​Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ​ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងអំពាវនាវ ឲ្យសមាជិកអង្គការសហប្រជាជាតិទាំងអស់ រួមគ្នាប្រឆាំងដាច់ខាត ចំពោះរបបលោកអាសាត​ ដែលបានប្រើប្រាស់អាវុធគីមី យ៉ាងឃោរឃៅបំផុតសម្លាប់ប្រជាជនស៊ីរី​ ដែលជាអំពើអមនុស្សធម៌​ប្រឆាំងមនុស្សជាតិ និងរំលោភច្បាប់អន្តរជាតិ។ លោក Rex W.Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ខិតខំដឹកនាំយុទ្ធនាការប្រឆាំងនឹង សកម្មភាពការប្រើប្រាស់អាវុធគីមី នៅស៉ីរីនេះយ៉ាងពេញទំហឹង​ និងបានសន្យាបង្ក្រាបពួកឃោរឃៅ ប្រើប្រាស់អាវុធគីមីសម្លាប់ ប្រជាជនស្លូតត្រង់ឲ្យខាងតែបាន។

​លោក ហេង រតនា សង្កត់ធ្ងន់ថា «ក្នុងនាមអ្នកស្រលាញ់សន្តិភាព និងកិច្ចការមនុស្ស​ធម៌​ យើងពិតជាមានមោទនភាព និងគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលអាមេរិក លើពួកឃោរឃៅប្រើអាវុធគីមីសម្លាប់មនុស្ស យ៉ាងរង្គាលរួមមានកុមារ​ និងមនុស្សចាស់ប្រុសស្រី»។​

សូមជម្រាបថា បើតាមលោក ហេង រតនា អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាម​មានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។​ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺ​មានចំនួន១១៥,២៧៥ទីតាំង ​(ឬកំណត់ត្រា)​ មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក​ មានចំនួនគ្រាប់ទំលាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់​ មានទំងន់ជាង២លាន៨សែនតោន​ (២,៨០៣,៨៦៨,១៥២​គីឡូក្រាម)​ ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួន​ជាង២៧លាន៩សែនគ្រាប់​។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ!
ខាងលើនេះជាការពិតជាក់ស្តែង​ ដែលបានកើតលើប្រជាជន និងប្រទេសដ៍កំសត់មួយនេះ៕​