(ភ្នំពេញ)៖ ជំនួបបើកឆាកពូល G នៃវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2018 រវាងក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា និងក្រុមខ្លាំង U19 ចិន បានបញ្ចប់ហើយ ដោយជ័យជម្នះបានទៅក្រុមភ្ញៀវចិន ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះជាមួយនឹងលទ្ធផល ១-០ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដែលទើបបញ្ចប់មុននេះបន្ដិច។

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អនៅតង់ទី១ ដោយបានទប់ស្មើក្រុមកីឡាករមាឌធំ U19 ចិន ០-០ អមជាមួយនឹងឱកាសស៊ុតចំគោលដៅទៅវិញទៅមកជាច្រើន ហើយស្មើគ្នានេះ បានរក្សាដល់នាទីទី៩០ ឯណោះ តែគួរឲ្យស្ដាយនៅម៉ោងបន្ថែមនាទី៩០+២ កីឡាករលេខ១៤ របស់ចិន បានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់ ដែលធ្វើឲ្យក្រុម U-19 ចិនទទួលបាន ៣ពិន្ទុតែម្ដង។

ជាមួយនឹងការដណ្ដើមបាន ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះខាងលើ បានជួយឲ្យក្រុមខ្លាំងចិន ឈរលេខរៀងទី២ និងមាន ៣ពិន្ទុស្មើក្រុមកំពូលតារាង U19 មីយ៉ាន់ម៉ាដែរ បន្ទាប់ពីក្រុមយុវជនមីយ៉ាន់ម៉ា បានបំបាក់ក្រុម U19 ហ្វីលីពីន ដោយលទ្ធផល ៦-០ នៅលើទីលានពហុកីឡដ្ឋានជាតិដូចគ្នាកាលពីល្ងាចមិញ៕